ការរញ្ជួយដីកម្រិត ៥,១រ៉ិចទ័រមួយផ្សេងទៀតត្រូវបានកត់ត្រានៅជិតទីក្រុងមេនដាឡេរបស់ប្រទេសមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ -- ការរញ្ជួយដីមួយផ្សេងទៀតដែលមានកម្រិត ៥,១រ៉ិចទ័របានវាយប្រហារតំបន់ក្បែរទីក្រុងមេនដាឡេដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនរស់នៅប្រមាណ១,៥លាននាក់ កាលពីរសៀលថ្ងៃ៣០ ខែមីនាម្សិលមិញនេះក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ។
របាយការណ៍បឋមបានបង្ហាញថា ការរញ្ជួយដីថ្មីនេះស្ថិតនៅចម្ងាយ២៧គីឡូម៉ែត្រខាងជើងទីក្រុងមេនដាឡេ។ បច្ចុប្បន្ននេះនៅមិនមានព័ត៌មានអំពីការខូចខាតដែលបណ្ដាលមកពីការរញ្ជួយដីនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមសាក្សីមួយចំនួនបានឱ្យដឹងថា ពេលមានការរញ្ជួយដីនោះ មានមនុស្សជាច្រើនបានស្រែកដោយភាពភ័យស្លន់ស្លោ ហើយរត់ចេញតាមដងផ្លូវនានា។
ទន្ទឹមនឹងនេះដែរ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីលើកមុនបានកើនឡើងដល់ប្រហែល ១,៧០០នាក់ ហើយមនុស្សចំនួន ៣.៤០០នាក់ផ្សេងទៀតបានរងរបួស និង ៣០០នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។
នៅក្នុងប្រទេសថៃដែលជាប្រទេសជិតខាង អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៧នាក់ រួមទាំងមានអ្នករបួសចំនួន ៣២នាក់ និងបាត់ខ្លួន ៨៣នាក់។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃបានបញ្ជាក់ថា ខ្លួនបានទទួលរបាយការណ៍អំពីការខូចខាតពីបណ្តាខេត្តចំនួន១៨ នៅទូទាំងប្រទេសដោយនៅក្នុងនោះ គ្រោះរញ្ជួយដីនេះបានប៉ះពាល់ដល់ផ្ទះសម្បែងចំនួន៤២០ខ្នង ប្រាសាទចំនួន៤៨ មន្ទីរពេទ្យចំនួន៧៦ អគារចំនួន៨ សាលារៀនចំនួន២៣ និងការិយាល័យរដ្ឋាភិបាលចំនួន១៨៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





