មន្រ្តីការិយាល័យអភិរក្សរបស់អាជ្ញាធរទន្លេសាបចុះសិក្សាស្វែងយល់ តំបន់អភិរក្សជលផលកំពង់ប្រាក់ ស្រុកក្រគរ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥-- លោក សុខ រ៉ាយ៉ុង ប្រធានការិយាល័យអភិរក្សនៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្សរបស់អាជ្ញាធរទន្លេសាប បានឱ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្ន២០២៥ថា បានដឹកនាំក្រុមការងារចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីអាចកំណត់វិភាគមុខងារលើតំបន់អភិរក្សជលផលកំពង់ប្រាក់ ស្ថិតក្នុងភូមិសាស្រ្តភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោក សុខ រ៉ាយ៉ុង បានបន្តថា ក្នុងការចុះសិក្សានេះ ក្រុមការងាររបស់លោកបានជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយផ្នែករដ្ឋបាលជលផលស្រុកក្រគរ និងមន្រ្តីដែលប្រចាំការនៅស្នាក់ការក្នុងតំបន់អភិរក្ស បានជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងប្រជានេសាទ និងបានចុះពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅតំបន់អភិរក្សជលផលកំពង់ប្រាក់។ សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធ គឺដើម្បីអាចកំណត់វិភាគមុខងារលើតំបន់អភិរក្សជលផលកំពង់ប្រាក់ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។

ការចុះសិក្សាជំហានដំបូងនេះមានគោលបំណងពីរសំខាន់៖ ទី១. ស្វែងយល់ពីរចនាសម្ព័ន្ធនៃការគ្រប់គ្រងអ្នកចូលរួមគ្រប់គ្រង អភិរក្ស ទស្សនវិស័យ និងផែនការគ្រប់គ្រងនៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់ និងទី២. ស្វែងយល់ពីសក្តានុពលនៃធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងស្ថានភាពទូទៅផ្សេងៗទៀត៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





