អង្គការ MCC និងសហគមន៍នេសាទព្រែកត្នោត ពង្រាយជម្រកជលផលសិប្បនិម្មិត ក្នុងតំបន់ដែលសម្បូរទៅដោយជម្រកជីវចម្រុះ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥-- ក្រុមការងារ អង្គការ MCC សហការជាមួយសហគមន៍នេសាទព្រែកត្នោត បានដាក់ពង្រាយសំណង់ជម្រកជលផលសិប្បនិម្មិតនៅក្នុងតំបន់ដែលសម្បូរទៅដោយជម្រក ជីវចម្រុះ ជាពិសេសថនិកសត្វសមុទ្រ រួមមានជ្រូកទឹក ផ្សោតឃ្លៀច និងផ្សោតក្បាលត្រឡោក ។

ប្រភពពីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ថា វត្តមានប្រភេទថនិកសត្វទាំងនេះ បានឆ្លុះបញ្ចាំងអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តកំពត អង្គការអភិរក្ស និងដៃគូអភិវឌ្ឍនានា។ ក្នុងអំឡុងពេលធ្វើការដាក់ពង្រាយជម្រកជលផល ក្រុមការងារបានប្រទះឃើញវត្តមានសត្វថនិកទាំង៣ប្រភេទ បានលេចឡើង ហែលលើផ្ទៃសមុទ្រ ស្របពេលជាមួយគ្នានោះ ក្រុមការងារយើងក៏សង្កេតឃើញមានទូកនេសាទកំពុងធ្វើសកម្មភាពផងដែរ។ ទូកអូសអួនស្រទាប់បាត និងទូកជ្រមុជដោយប្រើម៉ាស៊ីនខ្យល់ បានធ្វើសកម្មភាពនេសាទនៅចម្ងាយប្រមាណជា៦០០ម៉ែត្រប៉ុណ្ណោះ ពីកន្លែងថនិកសត្វលេចឡើងលើផ្ទៃទឹក ដោយនេះបង្ហាញឱ្យឃើញពីការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់ការរស់រានរបស់ថនិកសត្វសមុទ្រ។

សកម្មភាពនេសាទអូសស្រទាប់បាតក្នុងតំបន់ទឹករាក់ ជាពិសេសតំបន់ដែលសម្បូរទៅដោយជម្រក ស្មៅសមុទ្រ គឺពិតណាស់បានជះឥទ្ធិពល និងប៉ះពាល់ជាខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី និងបំផ្លាញប្រភពអាហារដ៏សំខាន់ៗជាច្រើនតាមបាតសមុទ្រ។ លើសពីនេះទៅទៀត ការបំពុលដោយសំឡេងពីការនេសាទ នឹងបង្កភាពតានតឹង (Stress) និងគ្រោះថ្នាក់ទៅដល់ប្រភេទថនិកសត្វសមុទ្រដែលងាយរងគ្រោះទាំងនេះ៕


ដោយ ណយ នឿន (ប្រភព៖ MCC)





