សហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣ ខេត្តកំពង់ធំ ចុះកិច្ចសន្យាទិញ-លក់ ទំហំ៤០មុឺនដុល្លាបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥-- កិច្ចសន្យាទិញ-លក់ ទំហំ៤០ម៉ឺនដុល្លារមួយទៀត សម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ត្រូវបានចុះហត្ថលេខាជាផ្លូវការ រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣ នៅខេត្តកំពង់ធំ និងក្រុមហ៊ុន Santana Agro Proucts ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ថា បូករួមនឹងកិច្ចសន្យាកាលពីដើមសប្តាហ៍ផង សហគមន៍របស់យើងបានលក់គ្រាប់ស្វាយចន្ទីបានសរុបជាង១លានដុល្លារ រួចជាស្រេចរហូតមកដល់ពេលនេះ ដែលធ្វើឱ្យសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣ នៅខេត្តកំពង់ធំ យើងលែងព្រួយបារម្ភពីបញ្ហាទីផ្សារសម្រាប់រដូវកាលប្រមូលផលឆ្នាំនេះទៀតហើយ។ គ្រាប់ស្វាយចន្ទីដែលនៅសេសសល់នឹងត្រូវបានប្រមូលសម្ងួតទុក ដើម្បីទុកលក់ស្ងួតនៅពេលក្រោយ។

សូមបញ្ជាក់ថា កិច្ចសន្យានេះធ្វើឡើងក្នុងលក្ខខណ្ឌតម្លៃប្រែប្រួលតាមជាក់ស្តែង ដោយក្រុមហ៊ុននឹងផ្តល់ជូន១០០រៀល ក្នុង១គីឡូក្រាមបន្ថែមពីតម្លៃទីផ្សារនៅតាមតំបន់នីមួយៗ ហើយការចំណាយដឹកជញ្ជូនពីសហគមន៍គឺជាបន្ទុករបស់ក្រុមហ៊ុន។ ជាឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុនអាចផ្តល់ជូនដល់សហគមន៍ ក្នុងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ តម្លៃ៥៩០០រៀលក្នុង១គីឡូក្រាម សម្រាប់គ្រាប់ស្វាយចន្ទីសើម ដែលមានកម្រិតភាគរយសាច់២៨ភាគរយ៕


ដោយ ណយ នឿន





