អភិបាលខេត្តកណ្ដាលអញ្ជើញសួរសុខទុក្ខកម្លាំងនគរបាលស្រុកអង្គស្នួលដែលរងរបួស ក្នុងប្រតិបត្តិការចាប់ចោរប្លន់នៅផ្លូវល្បឿនលឿន
AKP កណ្តាល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត អភិបាលស្រុកអង្គស្នួល បានអញ្ជើញសួរសុខទុក្ខលោក អនុសេនីយ៍ឯក សំ ភារ៉ាក់ កម្លាំងនគរបាលស្រុកអង្គស្នួលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលរងរបួស ក្នុងប្រតិបត្តិការទាក់ចាប់មុខសញ្ញាផ្តើមចេញពីករណីឆក់ និងឈានដល់ធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរ ដើម្បីជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿន។

ក្នុងឱកាសសួរសុខទុក្ខនេះដែរ ឯកឧត្តម គួច ចំរើន បានកោតសរសើរដល់ភាពក្លាហានរបស់កម្លាំងនគរបាលយើង ដែលបានខិតខំដើម្បីសន្តិសុខសាធារណៈ បានសម្រេចចិត្ត បើកម៉ូតូទៅឃាត់ឡាន ជនសង្ស័យ ដែលបាញ់គំរាមម្ចាស់ឡាន បើករត់គេចខ្លួនកាលពីថ្ងៃទី២៩ ខែមីនា តែជនសង្ស័យបានបើកឡានបំបុកពួកគាត់ បណ្ដាលឱ្យនគរបាលយើងរងរបួសជាទម្ងន់ បាក់ភ្លៅមួយកំណាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្តដល់ក្រុមគ្រួសារ ពិសេសលោក អនុសេនីយ៍ឯក សំ ភារ៉ាក់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព និងសម្រាកព្យាបាលឱ្យបានល្អ និងជូនពរឱ្យឆាប់ជាសះស្បើយឡើងវិញ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានករណីជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរ ដើម្បីជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿន ដែលផ្តើមចេញពីករណី ឆក់ ដោយមានមុខសញ្ញា ចំនួន០២នាក់ ជិះម៉ូតូ ០២គ្រឿង ធ្វើសកម្មភាព ឆក់ ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤។

ក្នុងកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យដែលរត់គេចខ្លួននោះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចយើង ហើយកម្លាំងសមត្ថកិច្ចបានស្ទាក់ និងដេញមុខសញ្ញានេះ ត្រឡប់មកផ្លូវជាតិលេខ៥១ វិញ។ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ចំណែក០១នាក់ទៀតបានរត់គេចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជង់យករថយន្តជនរងគ្រោះ ដែលនៅក្នុងរូបភាពនោះដើម្បីជិះគេចខ្លួន៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





