ក្រសួងព័ត៌មានស្នើឱ្យសមាគម និងសមាជិករបស់សមាគម IPA ចូលរួមផ្សព្វផ្សាយព័ត៌មានពិត និងប្រឆាំងព័ត៌មានក្លែងក្លាយ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៥–មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានស្នើឲ្យសមាគម និងសមាជិករបស់សមាគម IPA ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីសំដៅធ្វើយ៉ាងណា កសាងជំនឿជឿជាក់ជូនដល់សាធារណៈជន។

ថ្លែងនៅក្នុងពិធីបិទសន្និបាតរសៀលថ្ងៃទី៣០ ខែមីនា ២០២៥ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា កន្លងមកក្រសួងព័ត៌មានបង្កើតនឹងដាក់ចេញនូវ “យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ”ដែលយុទ្ធនាការនេះមានគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹង ដល់ពលរដ្ឋទាក់ទងនឹងផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះក៏ជាការឃោសនា និងផ្សព្វផ្សាយជាសាធារណៈពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយការប្រើប្រាស់បណ្ដាញសង្គម ប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។

ជាមួយគ្នានេះ ឯកឧត្តម បានបង្ហាញការគាំទ្រដល់សមាគមដែលបានចូលរួមផ្សព្វផ្សាយអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលធម្មនុញ្ញនេះមានសារៈសំខាន់សម្រាប់ការពារអ្នកសារព័ត៌មាន ដោយឈរលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។
លោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៃសមាគមសារព័ត៌មានឯករាជ្យ ហៅកាត់ថា (IPA) បានឡើងថា គោលបំណងសំខាន់របស់អង្គសន្និបាតរយៈពេល១ថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសម្រេចបាន, កំណត់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនិងការ ដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ ២០២៥។ សន្និបាតនេះ ក៏បានផ្តោតលើការលើកកម្ពស់វិជ្ជាជីវៈ សមត្ថភាព និងសាមគ្គីភាពក្នុងសមាគម ដើម្បីអភិវឌ្ឍវិស័យព័ត៌មានឱ្យមានប្រសិទ្ធភាព និងទទួលបានការគាំទ្រពីសង្គម។

កបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសារព័ត៌មានឯករាជ្យ IPA បានឲ្យដឹងដែរថា អង្គសន្និបាតបានពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២៤, ប្រកាសបទបញ្ជាផ្ទៃក្នុងរបស់សមាគម, ពិនិត្យ និងអនុម័តផែនការសកម្មភាពឆ្នាំ ២០២៥ និងបទអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងសមាជិកសមាគម។ របៀបវារៈនៃអង្គសន្និបាតក៏បានផ្ដោតលើប្រធានបទ២សំខាន់ដែរ គឺប្រធានបទទី១ ស្ដីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងប្រធានបទទី២ ការឈ្វេងយល់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា។

គួរបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥បានប្រព្រឹត្តិទៅរយៈពេលពេញ១ថ្ងៃ មានអ្នកចូលរួម ចំនួន ៥០០អង្គ/នាក់ ជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណៈកម្មាធិការប្រតិបត្តិ ក្រុមប្រឹក្សាពិគ្រោះយោបល់ ទីប្រឹក្សា ប្រធានកិត្តិយសសមាគមខេត្ត ថ្នាក់ដឹកនាំសមាគមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចាងហ្វាង និពន្ធនាយក និងអ្នក សារព័ត៌មាននៃអង្គភាពសារព័ត៌មាន ជាសមាជិកសមាគម ព្រមទាំងថ្នាក់ដឹកនាំអង្គការ សមាគម ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សា ជាដៃគូសមាគមផងដែរ៕
ដោយ៖ដេប៉ូ





