កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបន្តបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោកក្នុងកិច្ចប្រជុំពិសេសនៃគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្របឹងទន្លេសាបនៅសាលាខេត្តពោធិ៍សាត់ នាពេលថ្មីៗកន្លងទៅនេះ និងការផ្ដល់មតិណែនាំអំពីការអនុវត្តផ្លូវច្បាប់ស្ដីពីជលផលរបស់លោក ជិន សុីថា នាយខណ្ឌជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំកាលពីថ្ងៃទី២៩ខែមីនាឆ្នាំ ២០២៥ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តចេញធ្វើសកម្មភាពដោយមិនគិតពីថ្ងៃឈប់សម្រាកដើម្បីបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដែលជនល្មើសនៅតែលួចដាក់បំពាន នៅក្នុងតំបន់បឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកវរៈសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលតំបន់ព្រែកធ្លកក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ បានបញ្ជាក់ថា ឧបករណ៍ស្បៃមុងខុសច្បាប់ ដែលក្រុមជនល្មើសលួចដាក់នៅពេលយប់ ហើយត្រូវបានកងកម្លាំងអន្តរាគមន៍ម្ចាស់ការបង្ក្រាបបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នេះមានចំនួន២១ របាំង មានប្រវែងជិតមួយពាន់ម៉ែត្របង្គោលចម្រើងឈើជាង៨០០ ដើម ឡុកស្បែកមុងចំនួន ៤២ ឡុក និងលបលូ ស្បៃមុងចំនួន៤២ មាត់ ព្រមទាំងបានចាក់លែងកូនត្រីស្រស់ចម្រុះមួយចំនួនចូលទៅក្នុងបឹងទន្លេសាបវិញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សមាជិកគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាបបានប្ដេជ្ញាចិត្តដាច់ខាត អនុវត្តឱ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរៈភូមិន្ទ ព្រមទាំងការណែនាំផ្ទាល់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំក្នុងការបន្តបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់ឱ្យទទួលបានជោគជ័យ ដើម្បីថែរក្សាធនធានមច្ឆជាតិ សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជននៅទូទាំងប្រទេស និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត៕
ដោយ៖ ស៊ុម វណ្ណា, ប្រភព៖ តំបន់សឹករងកំពង់ធំ





