ពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់ ស្ពានបេតុងថ្មី(ស្ទឹងឆ្វេង) នៅព្រឹកថ្ងៃនេះហើយ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥–នាព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព , ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នេះឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បាន អញ្ជើញដឹកនាំក្រុមការងារ ប្រារព្វពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់(ស្ពានបេតុងស្ទឹងឆ្វេង) ស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋផងដែរ។

គម្រោងដែលស្ថាបនាពេលនេះរួមមាន ស្ពានបេតុងសរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ និងស្ថាបនាផ្លូវសងខាងក្បាលស្ពានប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រសងខាង ហើយគ្រោងប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ១ឆ្នាំ។

គោលបំណងនៃការស្ថាបនានេះធ្វើឡើង ដើម្បីសម្រួលដល់ការធ្វើដំណើរដឹកជញ្ជូនកសិផល របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សក្នុងតំបន់នោះ ឱ្យមានភាពងាយស្រួល និងសុវត្ថិភាព៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព,ក្រសួងសាធារណការ និងដឹកជញ្ជូន





