បន្តិចទៀតក្មួយៗលែងលំបាក និងលែងប្រឈមហានិភ័យគ្រោះថ្នាក់ទៀតហើយ..!
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥–ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានបេតុងដ៏គត់មត់មួយ កំពុងចាប់ផ្តើមសាងសង់ នឹងលេចចេញរូបរាងនាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋអាស្រ័យផលតាមឆ្លងកាត់ស្ទឹងឆ្វេង។

ជាសក្តីភាពនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រារព្ធពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីសាងសង់ស្ពានបេតុងស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

គម្រោងរួមមាន៖ស្ពានបេតុងសរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ និងស្ថាបនាផ្លូវសងខាងក្បាលស្ពានប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រសង ដោយប្រើពេលសាងសង់ ១ឆ្នាំ។

គួរបញ្ជាក់ថា គម្រោងនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលសំណើរពីរដ្ឋបាលខេត្តកំពង់ចាម ធ្វើស្ពានបេតុងសម្រួលដល់ការធ្វើដំណើរ និងបញ្ចៀសហានិភ័យនានាពេលក្មួយៗសិស្សានុសិស្សឆ្លងទៅឆ្លងមកនារដូវទឹកដំឡើង(ដូចភ្ជាប់រូបជាមួយខាងក្រោម)៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ក្រសួងសាធារណការ





