គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ៖ មរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់នូវកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបដែលបានរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយជានីតិរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥–ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដឹកនាំដោយលោកប្រធានស្តីទី ហុង សុខហួរ និងលោក សុខ ហាច ប្រធានគណបក្សឆន្ទៈខ្មែរ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូគណបក្ស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងបានចូលរួមរំលែកមរណទុកដោយផ្ទាល់ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសារលិខិតរបស់ចូលរួមរំលែកមរណទុក្ខដែលលោក ហុង សុខហួរ និងលោក សុក ហាច នាំយកជូនសម្តេចតេជោ ដោយផ្ទាល់ បានបញ្ជាក់ថា៖ “យើងខ្ញុំមានសេចក្តីក្រៀមក្រំក្នុងចិត្ត និងសោកស្តាយ ក្រោយពីបានទទួលដំណឹងថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលអនិច្ចកម្ម កាលពីថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:២៧នាទី ដោយរោគាពាធ។

មរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់ ឪពុក ឪពុកក្មេក និងជីតាប្រកបដោយព្រហ្មវិហារធម៌នៃគ្រួសារសព ព្រមទាំងជាការបាត់បង់នូវកុលបុត្រខ្មែរដ៏ឆ្នើម មួយរូបដែលបានរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឲ្យក្លាយជានីតិរដ្ឋ។

តាងនាមថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃគណបក្ស ភ្លើងទៀន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះគណៈប្រតិភូ តំណាងគណៈបក្សភ្លើងទៀននិងគណៈបក្ស ឆន្ទៈខ្មែរ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ"៕
ដោយ៖ AKP





