អភិបាលស្រុកស្ទោងអំពាវនាវភ្ញៀវទេសចរណ៍ជិតឆ្ងាយមកលេងសង្ក្រាន្តស្រុកស្ទោងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
AKP កំពង់ធំ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ --លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានអំពាវនាវបានអំពាវនាវដល់ភ្ញៀវទេសចរណ៍ជិតឆ្ងាយមកលេងសង្ក្រាន្តស្រុកស្ទោងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញចុះពិនិត្យមើលការតុបតែងកែលម្អស្ពានឆ្លងកាត់ស្ទឹងស្ទោង ដែលតភ្ជាប់ឃុំកំពង់ចិនជើងនិងឃុំកំពង់ចិនត្បូងកាលពីរសៀលថ្ងៃទី ២៩ខែមីនាឆ្នាំ២០២៥។

លោកសាយ គឹមឡមបានមានប្រសាសន៍ថាដោយប្រទេសជាតិយើងមានសុខសន្តិភាពក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនគួរឱ្យមោទនភាពក្រៃលែងហេតុនេះហើយរដ្ឋបាលស្រុកស្ទោងបានរៀបចំសង្ក្រាន្តតាមបណ្ដាវត្តអារាមនានាក្នុងមូលដ្ឋានជាពិសេសការរៀបចំសង្ក្រាន្តរបស់រដ្ឋបាលស្រុកស្ទោងស្ថិតនៅក្នុងវត្តហប់ស្ថិតនៅក្នុងឃុំទ្រានិងមានការរៀបចំតុបតែងកែលម្អស្ពានបីនៅក្នុងស្រុកគឺស្ពានលេខ៥៩ឬស្ពានមឈាយស្ថិតនៅក្នុងឃុំសំព្រោជ ស្ពានលេខ៦០ឆ្លងកាត់ស្ទឹងស្ទោងដែលតភ្ជាប់រវាងឃុំ កំពង់ចិនត្បូងនិងឃុំកំពង់ចិនជើងនិងស្ពានលេខ៦១(ស្ពានអូច្រម៉ាស់)នៅក្នុងឃុំកំពង់ចិនជើងដើម្បីអបអរសាទរឆ្នាំថ្មីនិងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តសប្បបាយក៏ដូចជា បង្ហាញឱ្យឃើញពីការរីកចម្រើនរបស់ស្រុកស្ទោងផងដែរ។

ទន្ទឹមនឹងនេះក៏មានការរៀបចំលេងនូវល្បែងកំសាន្តតាមប្រពៃណីជាតិខ្មែរនៅតាមបណ្ដាវត្តអារាមនានាក៏ដូចជាទីសាធារណៈផ្សេងៗ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយតាមលក្ខណៈប្រពៃណីជាតិខ្មែរនិងអបអរសាទរស្វាគមន៍ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ផងដែរ។

សូមបញ្ជាក់ថាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្តស័កព.ស២៥៦៨នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ ២០២៥ ហើយរដ្ឋបាលស្រុកស្ទោងមានការតុបតែងលម្អស្ពានចំនួនបីគឺស្ពានលេខ៥៩(ស្ពានមឈាយ)មានប្រវែង ២៥ម៉ែត្រ ស្ពានលេខ៦០ឆ្លងកាត់ស្ទឹងស្ទោងមានប្រវែង៦០ម៉ែត្រនិងស្ពានលេខ៦១(ស្ពានអូច្រម៉ាស់)មានប្រវែង ១៨,៥ម៉ែត្រ៕
ដោយ៖ ស៊ុម វណ្ណា





