នាយឧត្តមសេនីយ៍ គន់ គីម សម្តែងនូវការចងចាំជានិច្ចចំពោះគុណបំណាច់នៃការលះបង់ក្នុងការរំដោះ ប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥–ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានសម្តែងនូវការចងចាំជានិច្ចចំពោះគុណបំណាច់នៃការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតរបស់កម្មាភិបាល វីរយុទ្ធជន វីរយុទ្ធនារី កងទ័ពស្ម័គ្រចិត្តវៀតណាម និងកម្មាភិបាល វីរយុទ្ធជន វីរយុទ្ធនារី កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានរួមគ្នាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេសកម្ពុជា នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេលជាង ៤៦ឆ្នាំហើយ។ ការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ដូចនេះ ក្នុងឱកាសនៃការទទួលជួបជាមួយគណៈប្រតិភូកងទ័ពស្ម័គ្រចិត្តរណសិរ្ស៤៧៩ វៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡេ មិញគឿក អតីតប្រធានស្នងការនយោបាយបញ្ជាការដ្ឋានយោធភូមិភាគទី២ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរួមសហការគ្នាជាមួយកងទ័ពកម្ពុជា ក្នុងការវាយផ្ដួលរលំក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា ដោយប្រជាជនកម្ពុជាបានចាត់ទុកថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ទេ ពិតជាមិនអាចរស់រានមាជីវិត និងគ្មានការរីកចម្រើន គ្មានការអភិវឌ្ឍប្រទេសដូចសព្វថ្ងៃនេះនោះទេ។


ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ឡេ មិញគឿក បានបញ្ជាក់ថា ពិត! ការសហការដ៏ល្អរវាងកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានជួយឱ្យប្រជាជនកម្ពុជារស់រានមានជីវិតឡើងវិញ និងបានធ្វើការអភិវឌ្ឍន៍ប្រទេសជាតិរហូតទទួលបានការរីកចម្រើនដូចពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ជំនួសមុខឱ្យគណៈប្រតិភូអតីតកងទ័ពស្ម័គចិត្តរណសិរ្ស៤៧៩ នៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ ឡេ មិញគឿក បានគោរពជូនពរថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ សូមទទួលបានសុខភាពល្អបរិបូរណ៍ សម្រេចជោគជ័យគ្រប់ភារកិច្ចសម្រាប់ជាតិមាតុភូមិរបស់ ខ្លួន និងសូមឱ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា កាន់តែរឹងមាំជារៀងរហូត៕
ដោយ៖ ចាន់ សុភឿន





