លោកឧកញ៉ា តាន់ មុន្នីនិងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ ព្រៃព្រាល
AKP កំពង់ធំ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥--ព្រះសុខាចារ្យ ណំ សុភ័ក្រ្តា ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយជាព្រះវិរិយធម្មគុត្ត ព្រះគ្រូអនុគណស្រុកកំពង់ស្វាយនិងជាព្រះចៅអធិការវត្តមុនីរង្សីហៅ(វត្តថ្មី)លោកឧកញ៉ា តាន់ មុន្នី អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពង់ធំ-ព្រះវិហារនិងលោកជំទាវ កាំង ឃីតូច លោកយាយលោកតា លោកនាយក លោកគ្រូអ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលានិងសិស្សានុសិស្សទាំងអស់ប្រមាណជាង៣០០នាក់បានអញ្ជើញចូលរួមពិធីបុណ្យផ្កាសាមគ្គីនៅសាលាបឋមសិក្សា-អនុវិទ្យាល័យព្រៃព្រាលស្ថិតនៅភូមិព្រៃព្រាល(ខ)ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៥។

លោកឧកញ៉ា តាន់ មុន្នីមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីគណៈកម្មការគ្រប់គ្រងសាលារៀន លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ មាតាបិតានិងសិស្សានុសិស្សទាំងអស់បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័ន្ធ ប្រារព្ធពិធីបុណ្យផ្កាសាមគ្គីដើម្បីប្រមូលប្រាក់យកមកចាក់បេតុងផ្លូវចូលសាលារៀនដែលមានប្រវែងបណ្តោយ៣៥ម៉ែត្រទទឹង៦ម៉ែត្រដោយត្រូវចំណាយថវិកាអស់ចំនួន៨៨២០០០០រៀល។

លោកឧកញ៉ាតាន់ មុន្នីបានមានប្រសាសន៍លើកឡើងពីសារៈប្រយោជន៍នៃការសិក្សារៀនសូត្ររបស់សិស្សានុសិស្សប្រកបដោយសមត្ថភាព ភាពស្អាតស្អំការកសាងធនធានមនុស្សប្រកបដោយចំណេះដឹងចំណេះធ្វើ គុណធម៌និងកាយសម្បទា ពង្រីកវិសាលភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម បង្កើតការងារ ការពង្រឹងសន្តិសុខ សុវត្ថិភាពនិងយុត្តិធម៌សង្គមនិងបានរំលេចអំពីអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបំផុសស្មារតីដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់ឱ្យយល់កាន់តែច្បាស់ អំពីគុណតម្លៃនៃសុខសន្តិភាព រួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាព ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ ចូលរួមការពារនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ចូលរួមការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយនិងសន្តិសុខជាតិសង្គម។

លោកឧកញ៉ា តាន់ មុន្នីបានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សា-អនុវិទ្យាល័យព្រៃព្រាលត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូអ្នកគ្រូ ដើម្បីអភិវឌ្ឍខ្លួនជាសសរទ្រូងនៃប្រទេសជាតិ និងគោរពដឹងគុណរាជរដ្ឋាភិបាល។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ មិនប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទធ្វើឱ្យមានអំពើហិង្សានៅក្នុងគ្រួសារ។ ក្នុងក្នុងឱកាសនោះលោកឧកញ៉ាតាន់ មុន្នីនិងលោកជំទាវបានជូនក្រមាដល់លោកយាយលោកតាម្នាក់១ផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





