បើកកិច្ចសន្ទនាថ្នាក់ខេត្តស្តីពី"ការលេីកកម្ពស់តម្លាភាពនិងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ"
AKPកំពង់ធំ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ---នៅសាលប្រជុំសាលាខេត្តកំពង់ធំកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥បានរៀបចំកិច្ចសន្ទនាថ្នាក់ខេត្តស្តីពី "ការលេីកកម្ពស់តម្លាភាពនិងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ"ក្រោមអធិបតីភាពលោកអ៊ុន បុត្តអភិបាលរងខេត្តកំពង់ធំនិងមានការអញ្ជើញចូលពីឯកឧត្តមលោកជំទាវលោកលោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត សមាគមក្រុមប្រឹក្សាថ្នាក់មួលដ្ឋាន តំណាងអង្គការដៃគូ លោកិយមេឃុំចៅសង្កាត់និងក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ។
លោកអ៊ុន បុត្តមានប្រសាសន៍លើកឡើងថាការពង្រឹងសមត្ថភាពមន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិទាក់ទងនិងការគ្រប់គ្រងហិរញ្ញវត្ថុនិងការកសាងនិងអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរបស់ខ្លួនគឺដេីម្បីលេីកកម្ពស់តម្លាភាពនិងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិកានៅថ្នាក់ក្រោមជាតិ។

លោកអ៊ុន បុត្តបានបន្តថាសម្រាប់កិច្ចសន្ទនាថ្នាក់ខេត្តថ្ងៃនេះដែរគឺបានសង្កត់ធ្ងន់ទៅលើសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងថវិការបស់ខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍមូលដ្ឋានជាពិសេសការកសាងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាននិងអ្នកពាក់ព័ន្ធដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យមានភាពប្រសើរឡើងនូវការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិស្របនឹងទស្សនទាននៃអភិបាលកិច្ចល្អដែលបានលើកទឹកចិត្តឱ្យតួអង្គពាក់ព័ន្ធទាំងអស់ត្រូវចេះធ្វើការងារជាមួយគ្នាដើម្បីផលប្រយោជន៍សាធារណៈហើយក្នុងនោះក្រុម ប្រជាពលរដ្ឋទូទៅគឺជាក្រុមអ្នកទទួលផលឬក្រុមម្ចាស់សិទ្ធិ ។


ជាមួយគ្នានេះដែរលោក អ៊ុន បុត្តបានសំណូមពរដល់អង្គការពាក់ព័ន្ធទាំងអស់ចូលរួមបន្តសហការគ្នាដេីម្បីឱ្យការងារនៅថ្នាក់ក្រោមជាតិកាន់តែមានភាពរីកចម្រេីនបន្ថែមទៀត៕
ដោយ៖ ស៊ុម វណ្ណា





