ឯកឧត្តម អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ចូលជួបសម្តែងការគួរសម
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ចូលជួបសម្តែងការគួរសមនៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានថ្លែងអំណរគុណចំពោះឯកឧត្តម អភិបាលខេត្ត និងសហការី ដែលបានអនុញ្ញាតឱ្យប្រតិភូ បានចូលជួបសម្តែងការគួរសមនាពេលនេះ។ ធនាគារ FTB ចាប់ផ្តើមក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសឆ្លងកាត់ការវិវឌ្ឍជាបន្តបន្ទាប់ និងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារបានធ្វើការអភិវឌ្ឍនូវឥណ ទានមានដូចជា ប្រាក់បញ្ញើ និងឥណទានផ្សេងៗ។ បច្ចុប្បន្នធនាគារ FTB មានសាខាចំនួន ២៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបន្តពង្រីកសាខាបន្តទៀតទៅតាមការវិវឌ្ឍរីកចម្រើននៃប្រទេសជាតិ ធនាគារ FTB បានចាប់ផ្តើមសកម្មភាពនៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១០ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្តរហូតមកដល់សព្វថ្ងៃនេះ។ ធនាគារ FTB បានផ្តល់សេវាលើពន្ធគយ ប.ស.ស ការបង់ទឹក ភ្លើង និងសារពើពន្ធជាច្រើនទៀត ហើយចក្ខុវិស័យរបស់ធនាគារ គឺផ្តល់សេវាឥណទានហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម។ ទន្ទឹមនោះយើងព្យាយាមជំរុញវិស័យឥណទានដោយធ្វើទំនើបកម្មបណ្តាញឌីជីថលបន្ថែមទៀត។

ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍ប្រតិភូធនាគារ FTB ដែលបានធ្វើរបាយការណ៍សង្ខេបស្តីពីដំណើការ និងសកម្មភាពរបស់ធនាគារនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ព្រោះវិស័យធនាគារអាចជួយលំនឹងវិស័យហិរញ្ញវត្ថុ ដែលមានទំនាក់ទំនងគ្នារវាងរដ្ឋ និងវិស័យឯកជន សង្ឃឹមថា យើងនឹងធ្វើការងារជាមួយគ្នា ដើម្បីជំរុញការអភិវឌ្ឍរបស់ខេត្តព្រះសីហនុលើវិស័យឥណទាន រួមគ្នាសំដៅជំរុញកំណើនជីវភាពប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានជូនពរឱ្យធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បំពេញបេសកកម្មរបស់ខ្លួនទទួលបានជោគជ័យគ្រប់ភារកិច្ច៕
ដោយ ងូ សុមុនី





