ឯកឧត្ដម ឃួង ស្រេង បានបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ចុះតាមដានជាប់ជាប្រចាំ ចំពោះពលរដ្ឋរស់នៅអគារចាស់ៗ ក្រោយគ្រោះរញ្ជួយដីនៅថៃ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យតាមដានជាប់ជាប្រចាំ ចំពោះក្រុមប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងអាគារចាស់ៗ ក្រោយមានគ្រោះរញ្ជួយដីនៅថៃ ដើម្បីការពារសុវត្ថិភាពពួកគាត់ ខ្លាចជួបគ្រោះថ្នាក់ ជាយថាហេតុណាមួយកើតឡើង ដោយមិនដឹងជាមុន។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមីនា ២០២៥នេះ ។

សូមបញ្ជាក់ថា ឯកឧត្ដម ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌ ចុះពិនិត្យបែបនេះ ខណៈគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ វាយប្រហារចំកណ្តាលប្រទេសមីយ៉ាន់ម៉ា និងរង្គើដល់ប្រទេសថៃ និងប្រទេសវៀតណាម ។

សូមជម្រាបជូនថា នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និង វៀតណាមផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រជាជនថៃនៅក្នុងទីក្រុង Chiang Mai បានឱ្យដឹងថា ពួកគេបាននាំគ្នារត់ចេញទៅខាងក្រៅ ស្របពេលដែលអគារនានា បានរងការញ័ររញ្ជួយ។ បើតាម AFP តំបន់ភាគខាងជើងនិងភាគកណ្តាលប្រទេសថៃ បានទទួល រងឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយដីនេះ។ យ៉ាងណាមិញ ភ្លាមៗមិនទាន់មានសេក្តីរាយការណ៍អំពីទំហំនៃការខូចខាត និងមនុស្សរងគ្រោះថ្នាក់ ដែលបង្កឡើងពីរញ្ជួយដីខាងលើនៅឡើយទេ៕
ដោយ សួស សំរិត





