សប្បុរសជនផ្តល់ឧបករណ៍សិក្សារ៉ូបូតិកចំនួន២៥៥ឈុតដល់ក្រសួងអប់រំ យុវជន និងកីឡា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥-- លោកស្រី លី ឃីតធី តំណាងសប្បុរសជនបានបានថ្លែងថា ដោយមើលឃើញពីសារៈសំខាន់នៃមុខវិជ្ជារ៉ូបូតិក ដែលមានភាពចាំបាច់សម្រាប់ការអភិវឌ្ឍចំណេះដឹងដល់សិស្សជំនាន់ថ្មី ដើម្បីដើរឱ្យទាន់សម័យ បច្ចេកវិទ្យា លោកស្រី និងដៃគូសហការកម្មវិធីសិក្សាមុខវិជ្ជានេះមានសេចក្តីរីករាយក្នុងការបរិច្ចាគនូវឧបករណ៍សិក្សារ៉ូបូតិក២ប្រភេទជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍គាំទ្រដល់ការអប់រំ និងចំណេះដឹងរបស់សិស្សានុសិស្ស។ ការបញ្ជាក់របស់លោកស្រី លី ឃីតធី ដូចនេះធ្វើឡើងក្នុងពិធីប្រគល់ឧបករណ៍សិក្សារ៉ូបូតិក (Robotic Kits) ចំនួន២៥៥ឈុតជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចែកចាយបន្តដល់សាលារៀនគោលដៅនានាក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ក្នុងពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរធម៌ និងការប្តេជ្ញាចិត្តចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជារបស់សប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃសម្ភារស្ទែម ដែលទាមទារជាចាំបាច់ដើម្បីគាំទ្រដល់ការសិក្សាជំនាញនេះឱ្យមានប្រសិទ្ធភាព ព្រមទាំងជួយលើកទឹកចិត្ត ជំរុញការរៀនសូត្រប្រកបដោយការច្នៃប្រឌិត ផ្តល់នូវបំណិនដោះស្រាយបញ្ហា និងការត្រិះរិះពិចារណាស៊ីជម្រៅ សំដៅពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹងចាប់ពី វ័យក្មេង ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាការងារអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល។

បើតាមលោកស្រី លី ឃីតធី ថាឧបករណ៍សិក្សារ៉ូបូតិកទាំងពីរប្រភេទដែលត្រូវប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡានាពេលនេះសរុបចំនួន២៥៥ឈុត ក្នុងនោះរួមមានប្រភេទទី១. MRT3 ចំនួន១៦២ឈុត សម្រាប់សិស្សអាយុចាប់ពី៥ឆ្នាំឡើង និង ៨ឆ្នាំឡើង និង ប្រភេទទី២. New Kicky ចំនួន៩៣ឈុត រួមជាមួយសៀវភៅណែនាំការប្រើប្រាស់ភ្ជាប់មកជាមួយសម្រាប់សិស្សអាយុ១០ឆ្នាំឡើង។ បន្ថែមពីនេះ ក្នុងករណីដែលក្រសួងត្រូវការការបង្ហាត់បង្ហាញអំពីរបៀបប្រើប្រាស់សម្ភារស្ទែមទាំងនេះ លោកស្រី រីករាយក្នុងការសម្របសម្រួលរៀបចំវគ្គបណ្ដុះបណ្ដាលអំពីរបៀបប្រើប្រាស់ដល់លោកគ្រូ អ្នកគ្រូផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





