ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ ការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូបដែលបានលះបង់យកអស់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយមនសិការស្នេហាជាតិ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ញើសារលិខិតរំលែកមរណទុក្ខគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ព្រមទាំងបញ្ជាក់ថា ការបាត់បង់ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូបដែលបានលះបង់យកអស់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយមនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបម្រើ “ជាតិ សាសនា ព្រះមហាក្សត្រ” រហូតដល់ទីអវសាននៃជីវិតរបស់លោក។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ក្នុងសារលិខិតថា៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស និងក្នុងនាមរូបខ្ញុំផ្ទាល់ និងភរិយា យើងខ្ញុំមានសេចក្តីទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ប្រកបដោយសេចក្តីសោកសង្វេគក្ដុកក្ដួលរន្ធត់ចិត្តឥត់ឧបមា ដែលបាន ទទួលដំណឹងថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវជាបងប្រុសបង្កើត និងបងថ្លៃរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន ទទួលអនិច្ចកម្ម កាលពីវេលាម៉ោង ០២:២៧ នាទីព្រឹក ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងក្តីវិយោគដ៏សែនសោកសង្រេងស្ទើររកទីបំផុតគ្មាននេះ យើងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុតប្រកបដោយសេចក្តីស្រណោះអាឡោះអាល័យជាមួយ សម្តេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារ ចំពោះការ បាត់បង់នូវបងប្រុសបង្កើត និងបងថ្លៃជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតក្នុងជីវិត ព្រមទាំងជាការបាត់បង់នូវបិតា បិតាក្មេក ជីតា ជីតាទួត ឪពុកធំ ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ដ៏ល្អប្រពៃ ដែលក្នុងមួយ ឆាកជីវិតរបស់លោក បានលះបង់សព្វគ្រប់បែបយ៉ាងមិនខ្លាចនឿយហត់ ក្នុងការថែរក្សា អប់រំ ទូន្មានប្រៀនប្រដៅបង ប្អូន កូនចៅ ចៅទួតគ្រប់ៗរូបឱ្យប្រព្រឹត្តទៅតាមគន្លងធម៌ ក្លាយជាមូលធនមនុស្សដ៏សំខាន់សម្រាប់ជាតិមាតុភូមិកម្ពុជា។
មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូបរបស់ កម្ពុជា ដែលបានលះបង់យកអស់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយមនសិការស្នេហាជាតិ និងស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបម្រើ “ជាតិ សាសនា ព្រះមហាក្សត្រ” រហូតដល់ទីអវសាននៃជីវិតរបស់លោក។ ជាមួយគ្នានេះដែរ, អនិច្ចកម្មរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ក៏ជាការបាត់បង់ដ៏ធំធេងនូវ អគ្គពុទ្ធសាសនូបត្ថម្ភក៍ដ៏ឆ្នើមមួយរូបដែលពេញមួយជីវិតរបស់លោក បានចូលរួមចំណែកបំពេញការងារមនុស្សធម៌ កសាងមូលដ្ឋាននៃការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនប្រសើរឡើងជានិច្ច និរន្តរ៍។ គុណបំណាច់យ៉ាងធំធេងនេះ យើងខ្ញុំនឹងចងចាំទុកក្នុងជម្រៅនៃដួងចិត្តរបស់យើងខ្ញុំទាំងអស់គ្នាជាដរាប។
យើងខ្ញុំសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមឆាប់បានចាប់បដិសន្ធិនៅទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ គង់ សិរីរ័ត្ន





