កម្ពុជា ទទួលជោគជ័យលើគោលនយោបាយពាណិជ្ជកម្មនៅលើឆាកអន្តរជាតិក្នុងកិច្ចប្រជុំអង្គការ WTO
AKP ទីក្រុងហ្សឺណែវ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥--
បន្ទាប់ពីកិច្ចប្រជុំស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» នៅឯទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស ដែលចំណាយរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែមីនា មក កម្ពុជាទទួលបានការសាទរ កោតសរសើរ និងការលើកទឹកចិត្ត ចំពោះគោលនយោបាយពាណិជ្ជកម្មលើកទី៣របស់ខ្លួន។
កិច្ចប្រជុំដែលមានការចូលដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត ZOOM ផង ពីសំណាក់ប្រទេសជាសមាជិករបស់អង្គការ WTO បានផ្តោតការយកចិត្តទុកដាក់ និងផ្ទៀងផ្ទាត់លើរបាយការណ៍គោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ថាតើ កម្ពុជាមានប្រព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សមស្របទៅតាមគោលការណ៍ និងនិយាម ឬស្ដង់ដា របស់អង្គការ WTO ដែរឬទេ សម្រាប់បណ្តាប្រទេសជាសមាជិក ធ្វើដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ជាទូទៅ អង្គការ WTO មានភារៈតាមពិនិត្យមើល និងធ្វើរបាយការណ៍ពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដោយប្រមូលទិន្នន័យ និងចម្ងល់ផ្សេងៗពីប្រទេសជាសមជិកនានា ហើយផ្ទៀងផ្ទាត់ទៅនឹងរបាយការណ៍គោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសនីមួយៗ។
សម្រាប់កម្ពុជា គឺបានឆ្លើយតបជាង៣០០សំណួរ ពីប្រទេសជាសមាជិករបស់អង្គការ WTO ហើយ «ការពិនិត្យគោលនយោបាយពាណិជ្ជកម្ម» នេះ អង្គការ WTO បានអនុវត្តន៍ដោយកំណត់នៅក្នុងកិច្ចព្រមព្រៀងរបស់ខ្លួន ក្នុងនោះ ពាណិជ្ជកម្ម និងគោលនយោបាយពាក់ព័ន្ធរបស់ប្រទេសជាសមាជិកត្រូវតែត្រូវបានពិនិត្យ និងវាយតម្លៃនៅក្នុងចន្លោះពេលជាទៀងទាត់។
នៅក្នុងគេហទំព័ររបស់ខ្លួន អង្គការ WTO បានបង្ហាញថា ការវិវឌ្ឍសំខាន់ៗដែលអាចមានឥទ្ធិពលលើប្រព័ន្ធពាណិជ្ជកម្មសកលក៏ត្រូវបានពិនិត្យផងដែរ ហើយថា សមាជិកទាំងអស់របស់អង្គការ WTO គឺជាគោលដៅដែលត្រូវបានពិនិត្យជាទៀតទាត់ ទៅតាមចន្លោះពេលជាក់លាក់ អាស្រ័យលើកម្រិតនៃប្រទេសនីមួយ។

សូមរម្លឹកផងដែរថា ប្រទេសមួយចំនួនដែលជាសមាជិកអង្គការ WTO ក្នុងនោះក៏មានកម្ពុជាផងដែរ ត្រូវបានប្រទេសមហាអំណាច និងស្ថាប័នអន្តរជាតិនានាចាត់ទុកថាជា «ប្រទេសមានការអភិវឌ្ឍតិចតួច» ដោយតម្រូវឱ្យមានការពិនិត្យគោលនយោបាយពាណិជ្ជកម្ម រយៈពេល៧ឆ្នាំម្តង ខណៈ «ប្រទេសកំពុងអភិវឌ្ឍ» ត្រូវបានធ្វើ៥ឆ្នាំម្តង ហើយប្រទេសអភិវឌ្ឍ ត្រូវបានធ្វើ៣ឆ្នាំម្តង។
ចំណែកឯប្រទេសកម្ពុជា ដោយសម្ទុះសេដ្ឋកិច្ច និងការអភិវឌ្ឍកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទើបអង្គការ WTO និងស្ថាប័នសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិធំៗដទៃទៀត ក៏តម្រូវឱ្យកម្ពុជាចាកចេញពីប្រទេសដែលមានឋានៈជា «ប្រទេសមានការអភិវឌ្ឍតិចតួច» នៅចុងឆ្នាំ២០២៩។
នៅឆ្នាំ២០៣០ ក្រោយចេញពី «ប្រទេសមានការអភិវឌ្ឍតិចតួច» កម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធខ្លះ ពោលគឺរកស៊ីត្រូវបង់ពន្ធដូចគេឯង ហើយនៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំបង្កើនកិច្ចសហប្រតិបត្តិការណ៍ ក្នុងក្របខ័ណ្ឌទ្វេភាគីផង និងពហុភាគីផង ទាំងនៅក្នុងតំបន់ និងពិភពលោក លើការងារពាណិជ្ជកម្ម, វិនិយោគ និងវិស័យផ្សេងៗទៀត ដើម្បីបន្តទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ដែល សម្តេចធិបតី តែងតែលើកឡើងថា សម្តេច ទៅបរទេសម្តងៗគឺប្រឹងប្រែង «ទាក់ម៉ូយ» មកបណ្តាក់ទុន និងធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។ សម្រាប់កិច្ចប្រជុំ «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» លោក João Aguiar Machado ឯកអគ្គរដ្ឋទូត និងជាតំណាងបេសកកម្មអចិន្ត្រៃយ៍នៃសហភាពអឺរ៉ុប ប្រចាំអង្គការ WTO បានប្រកាសថា កម្ពុជាគឺជាប្រទេសមួយដែល មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងបំផុតនៅក្នុងតំបន់ ដោយពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់។

លោកបញ្ជាក់ថា៖ «ដូចដែលបានកត់សម្គាល់នៅក្នុងរបាយការណ៍របស់លេខាធិការដ្ឋានរួចហើយ គឺកម្ពុជាស្ថិតក្នុងប្រទេសមានការអភិវឌ្ឍតិចតួច ដែលស្តែងឱ្យឃើញពីបទពិសោធជោគជ័យគួរឱ្យកត់សម្គាល់ ដែលការធ្វើពាណិជ្ជកម្ម និងសមាជិកភាពរបស់អង្គការ WTO (របស់កម្ពុជា) អាចត្រូវចាត់ទុកបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងកាត់បន្ថយភាពក្រីក្រ»។
ក្នុងនាមសហភាពអឺរ៉ុប លោក João បានអះអាងថា៖ «យើងសូមកោតសរសើរពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការចូលរួមក្នុងន័យស្ថាបនានៅក្នុងអង្គការ WTO លើវិស័យផ្សេងៗ។ សហភាពអឺរ៉ុបសូមស្វាគមន៍ដែលកម្ពុជាជាភាគីនៃកិច្ចព្រមព្រៀងសម្របសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ហើយស្វាគមន៍តួនាទីដ៏សកម្មរបស់ខ្លួន ក្នុងដំណើរការសមាហរណកម្មកិច្ចព្រមព្រៀង ទៅក្នុងសៀវភៅច្បាប់របស់អង្គការ WTO…»។

នៅក្នុងកិច្ចប្រជុំនោះដែរ តំណាងបេសកកម្មអចិន្ត្រៃយ៍នៃក្រភពអង់គ្លេស ប្រចាំអង្គការ WTO, អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានអានសេចក្តីថ្លែងការណ៍របស់ចក្រភពអង់គ្លេសដោយមានខ្លឹមសារថា គោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា បានបង្ហាញពីវឌ្ឍនភាពគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួន និងតួនាទីពាណិជ្ជកម្មនៅកម្ពុជាដែលសម្រេចបាននូវកំណើន GDP ខ្ពស់រហូតដល់ ៦% ក្នុងឆ្នាំ ២០២៤ និងការកើនឡើងប្រចាំឆ្នាំនៃតម្លៃនៃការនាំចេញទំនិញ។ តំណាងរូបនោះបន្តថា៖ «នេះគឺជាវឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍ ហើយក្នុងចំណោមសមិទ្ធិផលផ្សេងទៀត គឺជាសក្ខីភាពបញ្ជាក់អំពីសមត្ថភាពរបស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩»។
នៅក្នុងកិច្ចប្រជុំនោះដែរ តំណាងបេសកកម្មអចិន្ត្រៃយ៍នៃក្រភពអង់គ្លេស ប្រចាំអង្គការ WTO, អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានអានសេចក្តីថ្លែងការណ៍របស់ចក្រភពអង់គ្លេសដោយមានខ្លឹមសារថា គោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា បានបង្ហាញពីវឌ្ឍនភាពគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួន និងតួនាទីពាណិជ្ជកម្មនៅកម្ពុជាដែលសម្រេចបាននូវកំណើន GDP ខ្ពស់រហូតដល់ ៦% ក្នុងឆ្នាំ ២០២៤ និងការកើនឡើងប្រចាំឆ្នាំនៃតម្លៃនៃការនាំចេញទំនិញ។ តំណាងរូបនោះបន្តថា៖ «នេះគឺជាវឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍ ហើយក្នុងចំណោមសមិទ្ធិផលផ្សេងទៀត គឺជាសក្ខីភាពបញ្ជាក់អំពីសមត្ថភាពរបស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩»។


សូមបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក៏បានឆ្លៀតជួបភាក្សាការងារដាច់ដោយឡែកជាមួយលោកជំទាវបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយិកាអង្គការ WTO ផងដែរ ហើយក្នុងជំនួបនោះ លោកជំទាវបណ្ឌិត Ngozi បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងការងាររបស់អង្គការ នWTO ជាពិសេសតួនាទីរបស់កម្ពុជា ក្នុងនាមជាអ្នកសម្របសម្រួលក្រុមប្រទេសមានការអភិវឌ្ឍតិចតួច។
លោកជំទាវបណ្ឌិត បន្តថា កម្ពុជាបានបំពេញកាតព្វកិច្ចនានាបានប្រសើរ ដូចជាអនុវត្តបាន១០០% លើកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផលជាដើម ព្រមទាំងសម្រេចបាននូវម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ និងការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើពិពិធកម្ម។

ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំ «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» រយៈពេល៣ថ្ងៃ លោកជំទាវ ចម និម្មល បានសម្តែងអំណរគុណចំពោះសមាជិកទាំងអស់នៃអង្គការ WTO ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី៣ របស់ប្រទេសកម្ពុជា។ លោកជំទាវរដ្ឋមន្រ្តីបញ្ជាក់ថា ៖ «យើងខ្ញុំផ្តល់តម្លៃនូវរាល់មតិយោបល់ និងការលើកទឹកចិត្ត ប្រកបដោយស្ថាបនា ដែលយើងខ្ញុំនឹងពិចារណាយ៉ាងល្អិតល្អន់សម្រាប់កម្មវិធីកំណែទម្រង់ នាពេលអនាគតតាមការសមស្រប។ ដោយប្រទេសយើងខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច យើងខ្ញុំនឹងផ្តោតការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយការប្រឈមនានាលើរចនាសម្ព័ន្ធ ដែលយើងខ្ញុំនឹងត្រូវជួបប្រទះក្នុងស្ថានភាពថ្មី ក្នុងនាមជាប្រទេសកំពុងការអភិវឌ្ឍ»។
ឆ្លៀតឱកាសនោះ លោកជំទាវរដ្ឋមន្រ្តីក៏បានសំណូមពរដែរថា រាល់ការប្រឈមនានានឹងតម្រូវឱ្យមានការគាំទ្របន្ថែមទៀតពីសមាជិកទាំងអស់ ជាពិសេសពង្រីកបន្ថែមទៀតលើភាពបត់បែន និងផ្តល់ការអនុគ្រោះចំពោះប្រទេសកំពុង អភិវឌ្ឍ ដើម្បីធានាថា តំណាក់នៃការផ្លាស់ប្តូរគឺប្រកបដោយរលូន និងមិនអាចទទួលឋានៈថយក្រោយវិញបានឡើយ។

«កម្ពុជានឹងបន្តចូលរួមយ៉ាងសកម្មជាមួយសមាជិកទាំងអស់នៃអង្គការដ៏គួរឱ្យគោរពនេះ ដើម្បីធានាបាននូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ដ៏រឹងមាំ និងមានប្រសិទ្ធភាព ជាមួយនឹងការអភិវឌ្ឍជាស្នូល ដោយឈរលើចំណុចស្នូលនៃផលប្រយោជន៍រួម និងស្មើភាពចំពោះសមាជិកទាំងអស់នៃអង្គការ WTO»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោកជំទាវ ចម និម្មល។
សូមរម្លឹកថា នៅឆ្នាំ២០០៤ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនាពេលនោះ បានចូលជាសមាជិកអង្គការ WTO ហើយមកដល់ពេលបច្ចុប្បន្ន សមាជិកអង្គការនេះមានរហូតដល់១៦៦ប្រទេស។
មកដល់បច្ចុប្បន្ន កម្ពុជាបានរាយការណ៍ពីការ «ពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម» របស់ខ្លួន៣លើកហើយ ដោយលើកទី១ នៅឆ្នាំ២០១១, លើកទី២ នៅឆ្នាំ២០១៧ និងលើកទី៣ នៅឆ្នាំ២០២៥ ហើយលើកទី៤ អាចនឹងត្រូវធ្វើនៅ៧ឆ្នាំក្រោយ ឬអាចប្រែប្រួល បន្ទាប់ពីកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថា បានចាកចេញពីឋានៈ «ប្រទេសមានការអភិវឌ្ឍតិចតួច» ឆ្ពោះទៅ «ប្រទេសកំពុងអភិវឌ្ឍន៍» នៅចុងឆ្នាំ២០២៩៕
ដោយ៖ ឆាយ សុផល ពីទីក្រុងហ្សឺណែវ)





