ឯកឧត្តម ចាន់ ស៊ីណាត ជួបពិភាក្សាការងារជាមួយអគ្គនាយកធនាគារ AIIB ទីក្រុងប៉េកាំង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥--
ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត Rajat Misra អគ្គនាយកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅទីស្នាក់ការកណ្តាល នាទីក្រុងប៉េកាំង ប្រទេសចិន ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីពាក់ព័ន្ធសំខាន់ៗរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីជាច្រើនរូប ដើម្បីពិភាក្សាការងារលើគម្រោងចំនួន ៤ សំខាន់ៗ៖ ទី១. គម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដែលមានលក្ខណៈធន់ទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ ទី២. គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ ទី៣. គម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត និងទី៤. ផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត ។

ចំណុចចុងក្រោយគឺការផ្តល់របាយការណ៍ជូនប្រធានស្ថាប័នទាំងពីរ គឺក្រសួងធនធានទឹក និងឧតុនិយម និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីសុំការសម្រេចអនុវត្ត តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងធនធានទឹក)





