មន្ទីរសាធារណការអនុវត្តការងារគូសគំនូសសញ្ញាចរាចរណ៍លើផ្លូវ ក្នុងក្រុងតាខ្មៅ ដើម្បីចូលរួមអបអរសង្ក្រាន្តខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥--
ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកណ្តាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានអនុវត្តការងារគូសគំនូសសញ្ញាចរាចរណ៍លើផ្លូវ ក្នុងក្រុងតាខ្មៅ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ធ្វើឱ្យផ្លូវមានសោភ័ណភាព ត្រៀមចូលរួមអបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល។

បច្ចុប្បន្ននេះ ក្រុមការងារនៃមន្ទីរសាធារណការខេត្ដ បានបែងចែកក្រុមការងារជា២ក្រុម គឺ៖ ក្រុមទី១ កំពុងអនុវត្តគូសគំនូសគែមផ្លូវ ចាប់ពីរបងសាលាខេត្តដល់មុខស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល និងក្រុមទី២ កំពុងអនុវត្តគូសគំនូសគែមផ្លូវ ពីគល់ស្ពានជប៉ុន ដល់មុខសាលាខេត្ត។ ចំពោះការងារបន្តទៀត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកណ្តាលនឹងត្រៀមគូសគំនូសសញ្ញាចរាចរណ៍លើផ្លូវជាតិលេខ២ ផ្លូវលេខ២១ ផ្លូវលេខ២០៦ ផ្លូវលេខ១០៧ ផ្លូវលេខ២១០ ផ្លូវ២១A ផ្លូវលេខ១១០ និងផ្លូវ១០៨។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមគោរពកន្លងចរាចរណ៍ សូមចូលរួមសហការថែរក្សាគំនូសផ្លូវកុំបើកបរជាន់លើគំនូសផ្លូវ ទាំងពេលកំពុងធ្វើ និងក្រោយពេលធ្វើរួចហើយ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





