សិក្ខាសាលា "ស្តីពីការលើកកម្ពស់ផលិតផលខ្មែរ"
AKP កំពង់ធំ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥--
លោក តាន់ យុវរដ្ឋ អគ្គនាយករងជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឧកញ៉ាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ផលិតករ សិប្បករ ពាណិជ្ជករ សហគមន៍ សមាគម ក្រុមហ៊ុន និងនិស្សិតប្រមាណជាង១០០នាក់ បានអញ្ជើញចូលរួមសិក្ខាសាលា "ស្តីពីការលើកកម្ពស់ផលិតផលខ្មែរ" នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

លោក ងួន រាសី បានមានប្រសាសន៍ថា ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធនាឱកាសនេះ នឹងជួយផ្តល់ព័ត៌មានអំពីឱកាសទីផ្សារថ្មីៗចែករំលែកបទពិសោធន៍ល្អៗនិងស្វែងរកដៃគូសហការធ្វើអាជីវកម្មជាពិសេសបានផ្តល់ជាយុទ្ធសាស្ត្រក្នុងការធ្វើអាជីវកម្មឱ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យានៃការធ្វើអាជីវកម្ម តាមគន្លងប្រក្រតីភាពថ្មីនៃសម័យបច្ចេកវិទ្យាឌីជីថលដែលជំរុញឱ្យមានការធ្វើពាណិជ្ជកម្មលើគ្រប់វិស័យរបស់រដ្ឋបាលខេត្តកំពង់ធំឱ្យកាន់តែមានវឌ្ឍនភាពបន្ថែមទៀត។ ផលិតផលកម្ពុជា១០មុខដែលកំពុងមានតម្រូវការទីផ្សារជំរុញការនាំចេញដូចជា៖ ស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ សាច់សត្វ ជ័រកៅស៊ូ ម្នាស់និងម្រេច។ ដូច្នេះហើយដែលតម្រូវឱ្យយើងទាំងអស់គ្នាគិតគូរទៅដល់ការផលិតមួយឱ្យស្របតាមស្តង់ដាដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រូវគិតគូអំពី គុណភាព សុវត្ថិភាព និងតម្លៃការវេចខ្ចប់និងរចនាម៉ូដ សមត្ថភាពផលិតការស្វែងរកនិងកំណត់ទីផ្សារ។ ការកំណត់កាលបរិច្ឆេទ សុពលភាពប្រើប្រាស់ការដាក់លេខកូដបាលើផលិតផលនិងសេវាកម្មដឹកជញ្ជូនផងដែរ។

លោក តាន់ យុវរដ្ឋ អគ្គនាយករងជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តធ្វើកិច្ចសម្រួលពាណិជ្ជកម្មជាច្រើនដើម្បីទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេសឱ្យមកវិនិយោគនៅកម្ពុជាតាមរយៈ៖ ១. ការកសាងលិខិតបទដ្ឋានគតិយុត្តនានាស្របតាមការវិវត្តនៃសេដ្ឋកិច្ចនិងសង្គមដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនជាតិ-អន្តរជាតិឱ្យចូលមកដាក់បណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជាប្រកបដោយទំនុកចិត្តនិងសុវត្ថិភាព។ ២. ការចរចាបើកទីផ្សារការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគីតំបន់និងពិភពលោក។ ជាក់ស្តែងការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) កាលពីថ្ងៃទី១ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)ថ្ងៃទី១ខែមករាឆ្នាំ២០២២។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ថ្ងៃទី១ខែធ្នូ ឆ្នាំ២០២២។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។ ៣. ការធ្វើប្រតិភូកម្មចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ C/O ទម្រង់ (D) ទៅមន្ទីរពាណិជ្ជកម្ម ជាប់ព្រំដែនសម្រាប់ទំនិញកសិកផលគឺអាចស្នើសុំត្រឹមមន្ទីរពាណិជ្ជកម្ម។ ៤.ការកែប្រែការចុះបញ្ជីក្រុមហ៊ុន ការចុះបញ្ជីម៉ាក ការស្នើសុំវិញ្ញាបនបត្រនាំចេញពីការធ្វើដោយផ្ទាល់ មកធ្វើតាមប្រព័ន្ធស្វ័យប្រវត្តកម្ម(តាមប្រព័ន្ធអនឡាញ)ដើម្បីកាត់បន្ថយបែបបទនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលានិងកាត់បន្ថយការចំណាយផ្សេងៗ ដែលមិនមានចែងក្នុងច្បាប់។ ៥. ការជួយជ្រោមជ្រែងនិងបង្កើតកម្មវិធីជំរុញពាណិជ្ជកម្ម តាមរយៈពិព័រណ៍ពាណិជ្ជកម្ម វេទិកា ធុរកិច្ច ជំនួបពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស។ ៦. ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារអេឡិចត្រូនិក CambodiaTrade.com កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ដើម្បីផ្តល់ឱកាសជូន លោក លោកស្រី អាជីវករ ពាណិជ្ជករ ផលិតករ សិប្បករ សេវាករ សមាគម សហគមន៍ អាចដាក់លក់ ផលិតផលខ្មែរ តាមប្រព័ន្ធអនឡាញ របស់ក្រសួងពាណិជ្ជកម្ម ដោយឥតគិតថ្លៃ។ ៧. ក្រសួងពាណិជ្ជកម្មបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដើម្បីតាំងបង្ហាញ និងផ្សព្វផ្សាយ ផលិតផលខ្មែរជាអចិន្ត្រៃយ៍នៅក្រៅប្រទេសបាន១៨ទីតាំងក្នុងនោះនៅប្រទេសចិនមាន១៦ទីតាំង ជប៉ុន១ទីតាំងនិងអេមីរ៉ាតអារ៉ាប់រួម ១ទីតាំង ហើយគ្រោងនឹងបង្កើតនៅតាមបណ្តាប្រទេសផ្សេងៗ ទៀតនៅលើពិភពលោក។ ៨. ក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុន ភីធីធី ខេមបូឌាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២និងបន្តចុះអនុស្សរណៈដំណាក់កាលទី២កកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញនិងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ ភីធីធី នៅទីតាំងសំខាន់ៗមួយចំនួនតាមបណ្តារាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែង នៅខេត្តកំពង់ធំមានស្ថានីយប្រេងឥន្ធនៈភីធីធីកំពុងអនុវត្តគម្រោងនេះ៕

ដោយ ស៊ុម វណ្ណា





