អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ចរន្តអគ្គិសនី ឧបករណ៍ដុតភ្លើង និងសារធាតុងាយឆេះផ្សេងៗ
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រារព្ធ "ទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ ២០២៥" យ៉ាងឧឡារិកនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី (កងរាជអាវុធហត្ថ កងទ័ពជើងគោក និងនគរបាលជាតិ) តំណាងវិស័យឯកជន សិស្សានុសិស្ស អធិការក្រុង-ស្រុក និងកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ក្នុងខេត្តបន្ទាយមានជ័យ។ ការចូលរួមយ៉ាងផុសផុលនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសារៈសំខាន់នៃការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យនៅក្នុងសង្គម។

ក្នុងឱកាសនោះ លោក លី សុវណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ទិវានេះមិនត្រឹមតែជាការរំលឹកដល់វីរភាពរបស់កងកម្លាំងពន្លត់អគ្គិភ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់ដើម្បីជំរុញការយល់ដឹងដល់ប្រជាពលរដ្ឋគ្រប់រូបអំពីគ្រោះថ្នាក់នៃអគ្គិភ័យ និងវិធីសាស្រ្តក្នុងការបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយនេះ។ គ្រោះអគ្គិភ័យគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយដែលបង្កការខូចខាតយ៉ាងធំធេងដល់អាយុជីវិត ទ្រព្យសម្បត្តិ និងបរិស្ថាន។ ដូច្នេះ ការបង្កើនការយល់ដឹង ការបណ្តុះបណ្តាលជំនាញ និងការកសាងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋ គឺជាកត្តាសំខាន់បំផុតក្នុងការកាត់បន្ថយហានិភ័យ និងផលប៉ះពាល់នៃគ្រោះអគ្គិភ័យ។

លោក លី សុវណ្ណារិទ្ធ ក៏បានកោតសរសើរចំពោះកងកម្លាំងពន្លត់អគ្គិភ័យទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត និងអាយុជីវិតក្នុងការបំពេញភារកិច្ចដ៏គ្រោះថ្នាក់នេះ និងបានលើកទឹកចិត្តឱ្យកងកម្លាំងបន្តពង្រឹងសមត្ថភាព បំពាក់បំប៉នឧបករណ៍ទំនើបៗ និងត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបចំពោះរាល់ស្ថានការណ៍អគ្គិភ័យដែលកើតមាន។

ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ចរន្តអគ្គិសនី ឧបករណ៍ដុតភ្លើង និងសារធាតុងាយឆេះផ្សេងៗ។ គ្រប់គ្រួសារ និងសហគ្រាសទាំងអស់រៀបចំផែនការសង្គ្រោះបឋម និងមានឧបករណ៍ពន្លត់អគ្គិភ័យសាមញ្ញៗ ត្រៀមទុកជាមុន ដើម្បីអាចទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា។
សូមជម្រាបជូនថា ពិធី "ទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ ២០២៥" នៅខេត្តបន្ទាយមានជ័យ បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ ដោយបានបន្សល់ទុកនូវសារសំខាន់ៗជាច្រើនសម្រាប់ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ប្រកបដោយប្រសិទ្ធភាព ដើម្បីសន្តិសុខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕
ដោយ ឈុន សារ៉ាត





