សម្តេចមហាមន្ត្រី គុយ សុផល៖ ការចូលមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ជាជាការបាត់បង់ ស្វាមី ឪពុក និងជីតា ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាកុលបុត្រស្នេហាជាតិ មាតុភូមិដ៏ឧត្តុង្គឧត្តម
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥--សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន។

សម្តេចមហាមន្ត្រី បានគូសបញ្ជាក់ក្នុងសារលិខិតថា «តាងនាមមន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល ដែលកំពុងបម្រើ ការងារនៅក្រសួងព្រះបរមរាជវាំង ខ្ញុំបាទមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង អំពីការទទួលមរណភាព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាបងប្រុសបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងជាបងថ្លៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧ នាទីយប់ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ។ ខ្ញុំបាទសូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព»។
ការចូលមរណភាពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាការបាត់បង់ ឪពុក និងជីតា ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាកុលបុត្រស្នេហាជាតិ មាតុភូមិដ៏ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។ សម្តេចមហាមន្ត្រី សូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន និងសូមវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ អញ្ជើញទៅ កាន់សុគតិភពកុំបីខាន៕

ដោយ៖ គង់ សិរីរ័ត្ន





