កងពលតូចថ្មើរជើងលេខ៥១ (កម្ពុជា) និងកងកម្លាំងបូព៌ា (ថៃ) ប្តេជ្ញាធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅតាមបណ្តោយព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥--កិច្ចប្រជុំសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររវាងអង្គភាពយោធាក្នុងតំបន់នៃប្រទេសកម្ពុជា និងប្រទេសថៃ បានធ្វើឡើងក្រោមអធិបតីភាព របស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ (ភាគីកម្ពុជា) និងឧត្តមសេនីយ៍ត្រី ប៊េន ចាផុន ដេតឆាតិវង្ស ណ: អយុថាយ៉ា មេបញ្ជាការកងកម្លាំងបូព៌ា (ភាគីថៃ) កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំដ៏សំខាន់នេះមានគោលបំណងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសអង្គភាពដែលឈរជើងនៅតាមបណ្តោយព្រំដែន។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាប្រឈមនានាក្នុងតំបន់រួមគ្នា ព្រមទាំងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានលើកឡើងថា កិច្ចប្រជុំនេះគឺជាសក្ខីភាពមួយទៀតដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់កងទ័ពកម្ពុជា និងកងទ័ពថៃ ក្នុងការធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅតាមបណ្តោយព្រំដែន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរព័ត៌មាន ការសម្របសម្រួលយន្តការដោះស្រាយបញ្ហា និងការរៀបចំកិច្ចប្រតិបត្តិការរួមគ្នា ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការលួចបន្លំទំនិញ។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ត្រី ប៊េន ចាផុន ដេតឆាតិវង្ស ណ: អយុថាយ៉ា មេបញ្ជាការកងកម្លាំងបូព៌ា នៃប្រទេសថៃ ក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ និងបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំថែមទៀត។ តាមរយៈកិច្ចសន្ទនា និងការយោគយល់គ្នាទៅវិញទៅមក យើងនឹងអាចជំនះបាននូវរាល់ឧបសគ្គ និងបន្តកសាងព្រំដែននៃសន្តិភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ថាបន្ទាប់ពីការពិភាក្សាដ៏ស៊ីជម្រៅ និងស្មោះត្រង់ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួន រួមមាន បន្តពង្រឹងយន្តការទំនាក់ទំនង និងការផ្លាស់ប្តូរព័ត៌មានរវាងអង្គភាពយោធាដែលឈរជើងនៅតាមបណ្តោយព្រំដែន បន្តលើកកម្ពស់ទំនាក់ទំនងល្អ និងការយោគយល់គ្នារវាងកងទ័ព និងប្រជាជននៅតាមតំបន់ព្រំដែន។ បន្តយកចិត្តទុកដាក់សហប្រតិបត្តិការល្អ ទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ បទល្មើសអនឡាញ ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងជួយគ្នាទៅវិញទៅមក ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

កិច្ចប្រជុំសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររវាងអង្គភាពយោធាក្នុងតំបន់នៃប្រទេសកម្ពុជា និងប្រទេសថៃ ទទួលបានលទ្ធផលល្អប្រសើរ ដែលជាជំហានដ៏សំខាន់មួយទៀតក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខតាមបណ្តោយព្រំដែន។ នេះមិនត្រឹមតែរួមចំណែកដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕
ដោយ ឈុន សារ៉ាត (ប្រភព៖ កងពលតូចថ្មើរជើងលេខ៥១)





