ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដាក់ចេញនូវពន្ធថ្មីរបស់សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ -- បណ្តាក្រុមហ៊ុនផលិតរថយន្តរបស់អ៊ឺរ៉ុប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដាក់ចេញនូវពន្ធថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទៅលើការនាំចូលយានយន្តដែលផលិតពីបរទេស។
សមាគមក្រុមហ៊ុនផលិតរថយន្ត (ACEA) បាននិយាយថា «វាមកដល់ពេលសម្រាប់ការផ្លាស់ប្តូរនៃឧស្សាហកម្មរបស់យើងហើយ ខណៈដែលការប្រកួតប្រជែងអន្តរជាតិមានការកើនឡើងកាន់តែខ្លាំងក្លា»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធ ដោយដាក់ពន្ធចំនួន ២៥% ទៅលើការនាំចូលរថយន្ត និងរថយន្តដឹកទំនិញធុនស្រាលដែលផលិតពីបរទេស ខណៈដែលលោកបានបន្តជំរុញពន្ធនាំចូលពិភពលោក។
លោកស្រី ស៊ីហ្រ្គីដ ដឺ វ្រីស (Sigrid de Vries) អគ្គនាយកសមាគមបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបបានវិនិយោគនៅសហរដ្ឋអាមេរិកអស់ជាច្រើនទសវត្សរ៍មកហើយដោយបានបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងសហគមន៍មូលដ្ឋាននិងបង្កើតប្រាក់ចំណូលពន្ធយ៉ាងច្រើនសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោកស្រីបាននិយាយបន្ថែមថា «យើងជំរុញឱ្យលោកប្រធានាធិបតីត្រាំ ពិចារណាពីផលប៉ះពាល់អវិជ្ជមាននៃពន្ធគយនេះដែលមិនត្រឹមតែលើក្រុមហ៊ុនផលិតរថយន្តពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើការផលិតក្នុងស្រុករបស់សហរដ្ឋអាមេរិកផងដែរ»។
សមាគម ACEA បាននិយាយថា ពន្ធគយនេះនឹងមិនគ្រាន់តែប៉ះពាល់ដល់ការនាំចូលទៅកាន់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែវិធានការទៅលើគ្រឿងបន្លាស់រថយន្តក៏នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តដែលផលិតរថយន្តនៅសហរដ្ឋអាមេរិកសម្រាប់ទីផ្សារនាំចេញផងដែរ។
ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបបាននាំចេញរវាងពី ៥០% ទៅ ៦០% នៃយានយន្តដែលពួកគេផលិតនៅសហរដ្ឋអាមេរិក ដោយធ្វើឱ្យមានការរួមចំណែកជាវិជ្ជមានយ៉ាងច្រើនដល់សមតុល្យពាណិជ្ជកម្មសហរដ្ឋអាមេរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





