មនុស្ស ៤នាក់ស្លាប់ដោយសារការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ -- អាជ្ញាធរសុខាភិបាលបាននិយាយថា មនុស្សចំនួន ៤នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើរថយន្តចំនួន ២គ្រឿងនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការរំលោភបំពានចុងក្រោយរបស់អ៊ីស្រាអែលទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈរបស់ប្រទេសលីបង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន ៣នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារមួយសំដៅលើរថយន្តមួយគ្រឿងនៅក្នុងទីក្រុងយ៉ូម៉ូ អាល់-ចាគីហ្វ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថា ជនជាតិលីបង់ម្នាក់ទៀតបានស្លាប់ និងម្នាក់ទៀតរងរបួស នៅពេលដែលយន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារទៅលើរថយន្តមួយគ្រឿងនៅក្នុងទីក្រុងម៉ាអារូប។
ប្រព័ន្ធផ្សព្វផ្សាយរបស់លីបង់ក៏បានរាយការណ៍ផងដែរអំពីការបាញ់ផ្លោងកាំភ្លើងធំរបស់អ៊ីស្រាអែលទៅលើតំបន់ចាគីហ្វនៅភាគខាងត្បូងប្រទេសលីបង់កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
បទឈប់បាញ់គ្នាដ៏ផុយស្រួយមួយបានកើតឡើងនៅក្នុងប្រទេសលីបង់ចាប់តាំងពីខែវិច្ឆិកា ដោយបញ្ចប់សង្រ្គាមឆ្លងព្រំដែនជាច្រើនខែរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍របស់ប្រទេសលីបង់ ដែលបានឈានដល់ជម្លោះទ្រង់ទ្រាយធំនៅក្នុងខែកញ្ញា។
អាជ្ញាធរលីបង់បានរាយការណ៍អំពីការរំលោភលើបទឈប់បាញ់របស់អ៊ីស្រាអែលជាង ១.២៥០ដង ដែលធ្វើឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់១០០នាក់ និងជាង ៣៣០នាក់រងរបួស។
នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នេះ អ៊ីស្រាអែលត្រូវបានគេសន្មត់ថានឹងដកចេញទាំងស្រុងពីភាគខាងត្បូងនៃប្រទេសលីបង់ត្រឹមថ្ងៃទី២៦ ខែមករា ប៉ុន្តែថ្ងៃផុតកំណត់ត្រូវបានពន្យារពេលដល់ថ្ងៃទី១៨ ខែកុម្ភៈបន្ទាប់ពីប្រទេសនេះបដិសេធមិនអនុវត្តតាម។ បច្ចុប្បន្ន វានៅតែរក្សាវត្តមានយោធានៅប៉ុស្តិ៍ព្រំដែនចំនួនប្រាំ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





