បណ្តាមេដឹកនាំជួបប្រជុំគ្នានៅទីក្រុងប៉ារីសសម្រាប់កិច្ចប្រជុំកំពូលអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ -- បណ្តាមេដឹកនាំបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងប៉ារីសសម្រាប់កិច្ចប្រជុំកំពូល «ឆន្ទៈរបស់សម្ព័ន្ធមិត្ត» ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកយោធា និងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស៍ (Olaf Scholz)នាយករដ្ឋមន្រ្តីអង់គ្លេស លោក គៀ ស្តារម័រ (Keir Starmer) អនុប្រធានាធិបតីតួកគី លោក សេវដេត យីលម៉ាស់ (Cevdet Yilmaz)ប្រធានាធិបតីអេស្ប៉ាញ លោក ផេដ្រូ សេនឆេហ្ស៍ (Pedro Sanchez)នាយករដ្ឋមន្រ្តីអ៊ីតាលី លោក ជីអូជៀ មើឡូនី (Giorgia Meloni) និងនាយករដ្ឋមន្រ្តីប៉ូឡូញ លោក ដូណាល់ ទើសក៍ (Donald Tusk) ក៏បានចូលរួមក្នុងចំណោមបណ្តាមេដឹកនាំផ្សេងៗទៀតដែលបានទៅដល់កិច្ចប្រជុំកំពូលនោះនៅវិមានអេលីហ្សេ (Elysee) នៅទីក្រុងប៉ារីសផងដែរ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ុលឡា វ៉ុន ដឺ ឡេយេន(Ursula von der Leyen) ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អេនតូនីញ៉ូ កូស្តា (Antonio Costa) និងអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រុតតេ (Mark Rutte) ក៏បានចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ ដែលប្រមូលផ្តុំគណៈប្រតិភូប្រមាណ ៣០នាក់។
កិច្ចពិភាក្សានោះមានគោលបំណងពង្រឹងគោលជំហររបស់អ៊ុយក្រែនក្នុងកិច្ចចរចាជាមួយរុស្ស៊ី និងដើម្បីធានាថា អឺរ៉ុបមានសំឡេងក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ។
ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយលោក ហ្សេលេនស្គី កាលពីថ្ងៃពុធ ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) បាននិយាយថា «គោលបំណង គឺអនុញ្ញាតឱ្យអ៊ុយក្រែនរក្សាស្ថានការណ៍នៅលើដី និងទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ខណៈដែលបង្កើតធាតុនានាដែលអាចជឿទុកចិត្តបានសម្រាប់សន្តិភាពយូរអង្វែង»។
លោក ហ្សេលេនស្គី បាននិយាយបន្ថែមថា «យើងកំពុងរំពឹងថានឹងមានសេចក្តីសម្រេចថ្មី និងមានភាពរឹងមាំ។ យើងត្រូវឆ្ពោះទៅមុខទៅលើកិច្ចពិភាក្សាធានាសុវត្ថិភាព និងវត្តមាននៃដៃគូប្រជែងនៅក្នុងប្រទេសអ៊ុយក្រែន»។
នេះជាជំនួបកំពូលលើកទី៣ ហើយ ចាប់តាំងពីរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកបានផ្លាស់ប្តូរគោលនយោបាយអ៊ុយក្រែន និងចាប់ផ្តើមកិច្ចចរចាដោយផ្ទាល់ជាមួយរុស្ស៊ី ដោយគ្មានការចូលរួមពីអឺរ៉ុប៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





