ស្ថានទូតឥណ្ឌារៀបចំវេទិកាសេដ្ឋកិច្ចកូរ៉េខាងត្បូង-ឥណ្ឌា ដើម្បីបង្កើនទំនាក់ទំនង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ -- ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកូរ៉េខាងត្បូង លោក អាមីត គូម៉ា (Amit Kumar) បានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរវាងប្រទេសកូរ៉េខាងត្បូង និងឥណ្ឌា នៅក្នុងវេទិកាភាពជាដៃគូសេដ្ឋកិច្ចកូរ៉េខាងត្បូង និងឥណ្ឌា ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងក្នុងវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា និងសន្តិសុខក្នុងតំបន់។
លោកបានកត់សម្គាល់ថា សេដ្ឋកិច្ចពិភពលោកបានប្រឈមមុខនឹងភាពតានតឹងជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកបានលើកឡើងអំពីការផលិតដែលប្រមូលផ្តុំលើសកម្រិត ការឧបត្ថម្ភធនរបស់រដ្ឋច្រើនហួសហេតុ និងភាពផុយស្រួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ-១៩។
លោកបាននិយាយថា «ជម្លោះអ៊ុយក្រែនបាននាំឱ្យមានការព្រួយបារម្ភបន្ថែមទៀតជាពិសេសទាក់ទងនឹងអាហារ ឥន្ធនៈ និងជី ដែលនៅទីបំផុតផលប៉ះពាល់បានរីករាលដាលពាសពេញគ្រប់វិស័យ និងគ្រប់ភូមិសាស្ត្រ»។លោកក៏បានចង្អុលទៅការរំខាននៅក្នុងការដឹកជញ្ជូនតាមសមុទ្រដែលបណ្តាលមកពីភាពតានតឹងនៅមជ្ឈិមបូព៌ា ដែលបានប៉ះពាល់ដល់ផ្លូវពាណិជ្ជកម្មអាស៊ី-អឺរ៉ុប។
លោកបាននិយាយថា «ភាពជាដៃគូយុទ្ធសាស្ត្រពិសេសរវាងឥណ្ឌានិងកូរ៉េខាងត្បូងដែលបានបង្កើតឡើងកាលពីមួយទសវត្សរ៍មុន បានសន្មត់នូវភាពកាន់តែអស្ចារ្យទ្វេភាគី ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងពិភពលោក រួមទាំងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ»។
ពាណិជ្ជកម្មរវាងឥណ្ឌា និងកូរ៉េខាងត្បូង បានកើនឡើងដល់ចំនួន២៥ពាន់លានដុល្លារអាម៉េរិក បើទោះបីជាលោក គូម៉ា បានកត់សម្គាល់ពីឱនភាពពាណិជ្ជកម្មដែលមានតម្លៃ ១១ពាន់លានដុល្លារអាម៉េរិកដែលជាមូលហេតុនៃការព្រួយបារម្ភសម្រាប់ប្រទេសឥណ្ឌាក៏ដោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





