កូរ៉េខាងត្បូងប្រឈមនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃដែលបានលេបត្របាក់នៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង អាចជារឿងដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់ បំផ្លាញព្រៃឈើប្រមាណជិត ៣៧.០០០ហិកតានិងធ្វើឱ្យអ្នកស្រុកជាង ៣៧.០០០នាក់ផ្លាស់ទីលំនៅ។
អាជ្ញាធរអគ្គីភ័យបាននិយាយថា ភ្លើងដែលបានចាប់ផ្តើមនៅក្នុងទីក្រុងអ៊ូសឹងនៃខេត្តក្យឹងសាងខាងជើងកាលពីថ្ងៃទី២១ ខែមីនា កំពុងរីករាលដាលក្នុងល្បឿន ៨,២គីឡូម៉ែត្រក្នុងមួយម៉ោងគិតត្រឹមម៉ោង ២:០០នាទីរសៀលម្សិលមិញនេះ។
យោងតាមទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាព បានឱ្យដឹងថា មនុស្សចំនួន ៣៧.១៨៥នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេគិតត្រឹមម៉ោង ៥:០០នាទីព្រឹកថ្ងៃព្រហស្បតិ៍។ ក្នុងចំណោមពួកគេ មាន ២៩.៩១១នាក់មកពីទីក្រុងអ៊ូសឹង និងទីក្រុងអាន់ដុង ក្នុងខេត្តក្យឹងសាងខាងជើង ជាកន្លែងដែលមានការខូចខាតពីភ្លើងឆេះព្រៃនេះធ្ងន់ធ្ងរបំផុត។
ខណៈដែលប្រជាជនដែលត្រូវបានជម្លៀសចំនួន ២០.៤៨៦នាក់បានវិលត្រឡប់ទៅផ្ទះវិញនោះ ប្រជាជនចំនួន ១៦.៧០០នាក់ផ្សេងទៀតនៅតែស្ថិតក្នុងទីជម្រកបណ្តោះអាសន្នដដែល។
អគ្គីភ័យបានបំផ្លាញអគារជាង ២.៥៧២អគារ ដែលរួមមានទាំងផ្ទះ វត្តនិងរោងចក្រ។
អាជ្ញាធរព្រៃឈើ និងពន្លត់អគ្គីភ័យបានដាក់ពង្រាយបុគ្គលិកចំនួន៤.៦៣៥នាក់ និងឧទ្ធម្ភាគចក្រចំនួន ៧៩គ្រឿង ដើម្បីប្រយុទ្ធនឹងការឆាបឆេះនៅក្នុងតំបន់ចំនួន១០ គិតត្រឹមម៉ោង ៥:០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ផ្ទៃដីព្រៃឈើដែលរងការខូចខាតមានដល់ទៅ ៣៦.៩០០ហិកតា ដែលលើសពីកំណត់ត្រាមុនរបស់ប្រទេសនេះសម្រាប់ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតកាលពីក្នុងឆ្នាំ២០០០ ដែលបានបំផ្លាញព្រៃឈើចំនួន ២៣.៧៩៤ហិកតានៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត។
ទន្ទឹមនឹងនេះដែរ កម្មករម្នាក់ដែលឃ្លាំមើលភ្លើងឆេះព្រៃអាយុ ៦៩ឆ្នាំត្រូវបានគេរកឃើញថាបានឆេះស្លាប់ក្នុងអំឡុងពេលប្រតិបត្តិការពន្លត់អគ្គីភ័យនៅក្នុងភូមិយឹងដឹក នៅវេលាម៉ោង ១១:៥០នាទីព្រឹកថ្ងៃព្រហស្បតិ៍៕
ភ្លើងឆេះនៅភូមិអ៊ុលជូ និងភូមិគីមហេ នៃខេត្តក្យឹងសាងខាងត្បូងត្រូវបានពន្លត់ហើយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





