កូរ៉េខាងត្បូង និងន័រវេស ព្រមព្រៀងសហការគ្នាទៅលើការស៊ើបអង្កេតចំពោះការស្មុំកូននៅបរទេស
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងត្បូង និងន័រវេស បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទៅលើការស៊ើបអង្កេតចំពោះភាពមិនប្រក្រតីនៃការស្មុំកូនអន្តរប្រទេស និងគាំទ្រសិទ្ធិរបស់អ្នកស្នើសុំស្មុំកូនដែលរងផលប៉ះពាល់ ដោយសារប្រទេសទាំងពីរធ្វើការស៊ើបអង្កេតដាច់ដោយឡែកពីគ្នាទៅនឹងការអនុវត្តការស្មុំកូនកន្លងមក។
ប្រធានគណៈកម្មការការពិត និងការផ្សះផ្សាកូរ៉េខាងត្បូង (TRC)លោក ផាក ស៊ុនយ៉ាំង (Park Sun-young) បានជួបជាមួយលោក កាមីលឡា ប៊ើនត៍ (Camilla Bernt) ប្រធានគណៈកម្មាធិការស៊ើបអង្កេតន័រវេសស្តីពីការស្មុំកូនអន្តរប្រទេសក្នុងទីក្រុងសេអ៊ូល ជាកន្លែងដែលភាគីទាំងពីរបានព្រមព្រៀងគ្នាចែករំលែកការរកឃើញដែលបានមកពីការស៊ើបអង្កេតរៀងៗខ្លួន។
កិច្ចប្រជុំរបស់ពួកគេបានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពី គណៈកម្មការ TRC បានប្រកាសពីការរកឃើញដំបូងនៃការស៊ើបអង្កេតរយៈពេលជាច្រើនឆ្នាំរបស់ខ្លួនទៅលើការប្រព្រឹត្តខុសចំពោះការស្មុំកូនពីទសវត្សរ៍ឆ្នាំ១៩៦០ដល់ឆ្នាំ១៩៩០ ដែលបានរកឃើញនូវកំហុសរបស់រដ្ឋាភិបាលទៅលើការត្រួតពិនិត្យនៅក្នុងដំណើរការនេះ។
ការស៊ើបអង្កេតបានរកឃើញថា ការគ្រប់គ្រងមិនគ្រប់គ្រាន់របស់រដ្ឋាភិបាល និងការបរាជ័យផ្នែករដ្ឋបាល នាំឱ្យមានការប្រព្រឹត្តខុសច្រើនទៅលើឯកសារក្លែងបន្លំ និងការអនុវត្តអំពើពុករលួយ។
លោក ប៊ើនត៍ បានប្រាប់កាសែតកូរ៉េថាមស៍តាមសារអេឡិចត្រូនិចថា«កូរ៉េខាងត្បូង គឺជាប្រទេសដែលមានចំនួនកូនចិញ្ចឹមច្រើនជាងគេបំផុតទៅកាន់ប្រទេសន័រវេស ដែលសរុបមានកុមារជាង ៦.៥០០នាក់។
យោងតាមគណៈកម្មការ TRC បានឱ្យដឹងថា កូរ៉េខាងត្បូងបានបញ្ជូនកូនចិញ្ចឹមសរុបចំនួន ៦.៥៦៥នាក់ទៅកាន់ប្រទេសន័រវេសនៅចន្លោះពីឆ្នាំ១៩៦៩ និងឆ្នាំ២០២៤ ដែលស្មើនឹង ៣២% នៃការសុំកូននៅក្រៅប្រទេសទាំងអស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





