កាហ្សាក់ស្ថានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគជាមួយកៀហ្ស៊ីស៊ីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានKazinform បានរាយការណ៍ថា សភាជាន់ទាបរបស់សភាកាហ្សាក់ស្ថានបានអនុម័តច្បាប់ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងរវាងប្រទេសកាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថានលើការលើកទឹកចិត្ត និងការការពារទៅវិញទៅមកនៃការវិនិយោគ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៤ នៅទីក្រុងអាស្ដាណា ត្រូវបានរៀបចំឡើងដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់អ្នកវិនិយោគ ដោយជំរុញការវិនិយោគផ្ទាល់ពីបរទេស និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
លោក អាលីប៊េក គូអានទីរ៉ូវ (Alibek Kuantyrov) អនុរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថានបានពន្យល់ថា ប្រទេសកៀហ្ស៊ីស៊ីស្ថានបានផ្តួចផ្តើមការពិនិត្យឡើងវិញនៃកិច្ចព្រមព្រៀងនៅឆ្នាំ២០២១ ដោយសារតែការផ្លាស់ប្តូររចនាសម្ព័ន្ធរដ្ឋាភិបាលរបស់ខ្លួន។ កិច្ចព្រមព្រៀងពីមុនដែលមានអាយុកាលតាំងពីឆ្នាំ១៩៩៧ តម្រូវឱ្យធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទាំងក្នុងច្បាប់អន្តរជាតិ និងច្បាប់ជាតិក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
ប្រទេសកាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថានបាននឹងកំពុងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ។ ប្រទេសកាហ្សាក់ស្ថានគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ដោយពាណិជ្ជកម្មទ្វេភាគីឈានដល់ ១,៧ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤។
យោងតាមធនាគារជាតិរបស់ប្រទេសកាហ្សាក់ស្ថាន បានឱ្យដឹងថាប្រទេសកាហ្សាក់ស្ថានបានទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសកៀហ្ស៊ីស៊ីស្ថានចំនួន ៤,៨លានដុល្លារអាម៉េរិកក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ដែលជាការកើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ទន្ទឹមនឹងនេះ វិនិយោគិនកាហ្សាក់ស្ថានបានដាក់បញ្ចូលទឹកប្រាក់សរុបចំនួន៤៨លានដុល្លារអាម៉េរិកទៅក្នុងសេដ្ឋកិច្ចកៀហ្ស៊ីស៊ីសក្នុងរយៈពេលដូចគ្នានេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





