រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ពិភាក្សាអំពីការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា និងប្រទេសលីបង់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក សេយេដ អាប់បាស់ អារ៉ាហ្គជី (Seyed Abbas Araghchi) និងសមភាគីអ៊ីរ៉ាក់ លោក ហ្វេដ ហ៊ូសសេអ៊ីន (Fuad Hussein) បានផ្លាស់ប្តូរទស្សនៈស្តីពីការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សានិងប្រទេសលីបង់។
ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានៅក្នុងការសន្ទនាតាមទូរស័ព្ទ ពួកគេបានពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់នៅក្នុងតំបន់មជ្ឈិមបូព៌ា។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្កោលទោសការបន្តនៃ «អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល ការឈ្លានពានជាញឹកញាប់ប្រឆាំងនឹងប្រទេសលីបង់ ក៏ដូចជាការសម្លាប់ស្ត្រី និងកុមារស្លូតត្រង់» ដោយលោកបាននិយាយថា ពួកគេកំពុងប្រព្រឹត្តអំពើ «រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ និងក្រុមហេសបូឡាហ៍ និងបើកភ្លើងខៀវជាមួយសហរដ្ឋអាមេរិក»។
លោក អារ៉ាហ្គជី បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសរដ្ឋក្នុងតំបន់ និងរដ្ឋមូស្លីមចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ «ឧក្រិដ្ឋកម្ម និងការឈ្លានពាន» និងទប់ស្កាត់ការរីករាលដាលនៃអសន្តិសុខចូលទៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់វិញបានព្រមានអំពីផលវិបាក «មិនច្បាស់លាស់» នៃ «ការឈ្លានពាន» របស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សា ប្រទេសលីបង់ និងប្រទេសស៊ីរី ដោយលោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កើនភាពតានតឹងក្នុងតំបន់។
លោក ហ៊ូសសេអ៊ីន បានអំពាវនាវឱ្យមានការពង្រឹងការសម្របសម្រួលក្នុងតំបន់ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងប្រឈមមុខនឹងប្រជាជនប៉ាឡេស្ទីនដោយ «រងការគៀបសង្កត់» និងដើម្បីទប់ស្កាត់អស្ថិរភាពបន្ថែមទៀតនៅតំបន់មជ្ឈិមបូព៌ា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





