អភិបាលខេត្តកំពតជំរុញអាជ្ញាធរក្រុងស្រុកឱ្យបង្កលក្ខណៈសប្បាយរីករាយជូនពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មី
AKP កំពត ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរក្រុងស្រុកទាំង៩ ឱ្យយកចិត្តទុកដាក់រៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យល្អប្រសើរ ពិសេសត្រូវបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋ និងទេសចរ ទៅកម្សាន្តនៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ខណៈដែលរដ្ឋបាលខេត្តបានគ្រោងរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តដ៏ធំមួយដើម្បីទាកទាញទេសចរ។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៦ខែមេសាខាងមុខ រដ្ឋបាលខេត្តកំពត បានត្រៀមរៀបចំធ្វើព្រឹត្តិការណ៍កំពតសង្ក្រាន្តដ៏ធំមួយ ដែលមានឯកឧត្តម មឿង គង្គា អភិបាលរងខេត្ត លោកនាយករដ្ឋបាល និងអភិបាលក្រុងកំពតសហការរៀបចំចាត់ចែកកម្មវិធីសប្បាយៗជាច្រើន មានដូចជា ការប្រគំតន្ត្រី ការតប់តែងលម្អទីតាំង ការលេងល្បែងរបាំប្រជាប្រិយ ការប្រគំភ្លេងប្រពៃណីបូរាណខ្មែរ ការប្រកួតកីឡាអុកចត្រង្គ និងការរៀបចំតំបន់ត្រជាក់ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរក្រុងស្រុក មន្ទីរជំនាញពាក់ព័ន្ធ ឱ្យសហការគ្នាខិតខំរៀបចំតុបតែងលម្អ និងបង្កបរិយាកាស និងភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អប្រសើរ ទប់ស្កាត់ឱ្យបាននូវបញ្ហាមិនប្រក្រតីណាមួយ ដែលអាចនឹងកើតឡើងនៅក្នុងឱកាសនោះ។

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់មន្ទីរទេសចរណ៍ឱ្យបន្តចុះណែនាំអប់រំ ដល់បងប្អូនប្រតិបត្តិករទេសចរណ៍ ឱ្យយកចិត្តទុកដាក់ ក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ អរីយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ តាមរយៈការរៀបចំតុបតែងលម្អទីតាំងរបស់ខ្លួន និងការស្លៀកពាក់តាមទំនៀមទម្លាប់ប្រពៃណីជនជាតិខ្មែរជាដើម៕
ដោយ ប្រាក់ លាង





