រដ្ឋសភាប្រគល់កៅអី១៨៦ដែលជាអតីតអាសនៈរបស់តំណាងរាស្រ្ត ដល់វិទ្យាល័យឥន្រ្ទទេវីប្រើប្រាស់ក្នុងការបង្រៀននិងរៀននៅក្នុងសាលា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ -- ដោយទទួលបានការណែនាំនិងការនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភាបានប្រគល់កៅអីចំនួន១៨៦ដែលជាអតីតអាសនៈរបស់តំណាងរាស្រ្ត ជូនដល់វិទ្យាល័យឥន្រ្ទទេវី ដើម្បីសាលាយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ តាមតម្រូវការជាក់ស្តែង។

ពិធីប្រគល់និងទទួលអំណោយបានប្រារព្ធធ្វើឡើងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៥ ក្រោមអធិបតីឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងឯកឧត្តម ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង អគ្គនាយកនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទំាងមានវត្តមាន លោកនាយកសាលាឥន្ទ្រទេវី ផងដែរ។
ឯកឧត្តមឡេង ប៉េងឡុងអគ្គលេខាធិការរដ្ឋសភា បានគូសបញ្ជាក់ថា ទោះបីជាកៅអីទំាងនេះ បានប្រើប្រាស់ហើយក៏ដោយតែនៅមានគុណភាពល្អប្រសើរ អាចយកទៅប្រើប្រាស់នៅក្នុងសាលប្រជុំ ឬតាមតម្រូវការជាក់ស្តែងផ្ទាល់របស់សាលា។ ឯកឧត្តមបានគូសបញ្ជាក់ថា កៅអីទាំងនេះ ជាប្រភេទកៅអីដែលថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា អង្គុយប្រជុំរដ្ឋសភា ដែលនៅទីនេះគេហៅថា “អាសនៈ” តំណាងរាស្រ្តដែលទទួលបានការបោះឆ្នោតគំាទ្រពីប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងពីសារៈសំខាន់វិស័យអប់រំ ផងដែរ។ ឯកឧត្តមបញ្ជាក់ថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយរបស់សង្គមជាតិនៅគ្រប់កាលៈទេសៈ។ សាលារៀនប្រៀបបាននឹងរោងចក្រ ដែលផលិតធនធានមនុស្ស។ សង្គមមួយដែលមានភាពរីកចម្រើនទៅបានលុះត្រាសង្គមនោះមានធនធានមនុស្សច្រើន។ ហេតុដូច្នេះបានជារាជរដ្ឋាភិបាលតាំងពីនីតិកាលមុនៗ រហូតដល់នីតិកាលបច្ចុប្បន្ន ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព មានចំណេះដឹងខ្ពង់ខ្ពស់និងមានចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយថាមវន្ត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ គឺ “មនុស្ស ទឹក ផ្លូវ ភ្លើង និងនវានុវត្តន៍”។

ឯកឧត្តមឡេង ប៉េងឡុង បានមានប្រសាសន៍ថា សាលារៀនគឺជាថ្នាលដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ទាំងផ្នែក ចំណេះ ដឹង ស្មារតី សីលធម៌ ផ្នត់គំនិត និងឥរិយាបទ។ ជាធនធាន ឬពលរដ្ឋមួយល្អក្នុងសង្គម មិនត្រឹមមានចំណេះដឹងខ្ពង់ខ្ពស់ប៉ុណ្ណោះទេ ចាំបាច់ត្រូវមានសីលធម៌ ផងដែរ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី តែងតែមានប្រសាសន៍លើកឡើងជាញឹកញាប់ថា “មានតែចំណេះដឹងមិនទាន់គ្រប់គ្រាន់ ជាពលរដ្ឋឬជាធនធានដ៏ល្អនោះទេ គេត្រូវមានសីលធម៌ ផងដែរ”។
លោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្ទ្រទេវី និងឯកឧត្តម ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនរដ្ឋសភា ដែលបានផ្តល់កៅអីទំាង១៨៦ ដែលជាអាសនៈរបស់តំណាងរាស្រ្ត ជូនដល់វិទ្យាល័យឥន្ទ្រទេវី នាពេលនេះ ។
លោកនាយកសាលាបានគួសបញ្ជាក់ថាប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះ ស្របតាមតម្រូវការជាក់ស្តែងរបស់សាលា គឺសាលានឹងរៀបចំសាលប្រជុំរបស់ខ្លួនឱ្យបានស្អាតឡើងវិញ ជាមួយការបំពាក់កៅអី ដែលជាអំណោយរបស់រដ្ឋសភាទំាងនេះ ក្នុងការប្រើប្រាស់ជាប្រយោជន៏យូរអង្វែងតទៅ។
ឯកឧត្តម ឡោ ឆវណ្ណា បានគោរពថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លានេះ ជូនដល់វិទ្យាល័យឥន្រ្ទទេវី ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងការបង្រៀននិងរៀន ក៏ដូចជាការលើកកម្ពស់គុណភាពអប់រំ។ អំណោយនេះ មានតម្លៃខ្ពង់ខ្ពស់ណាស់ សម្រាប់វិទ្យាល័យក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ក៍ដូចជាការចូលរួមកសាងអភិវឌ្ឍន៍សង្គមឱ្យមានវឌ្ឍនភាព។ ឯកឧត្តមអនុរដ្ឋលេខាធិការ មានជំនឿមុតមាំថា សម្តេចប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា ក៏ដូចជាអគ្គលេខាធិការរដ្ឋានរដ្ឋសភានឹងបន្តចូលរួមគាំទ្រវិស័យអប់រំ ទៅមុខទៀតទាំងផ្នែកស្មារតី និងសំភារៈ៕
ដោយ៖ ប៊ុនរិទ្ធ





