ការផ្លាស់ប្តូរវប្បធម៌បានពង្រឹងចំណងមិត្តភាពរវាងចិន និងប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ -- អនុប្រធានព្រឹទ្ធសភាប៉ាគីស្ថាន លោក សេដាល់ ខាន់ (Syedaal Khan) បានមានប្រសាសន៍ថាការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសប៉ាគីស្ថាន និងចិន នឹងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។
ថ្លែងក្នុងពិធីសម្ពោធការតាំងពិព័រណ៍ «Esthetic Bridges» ដែលបង្ហាញគំនូរដោយវិចិត្រករចិនមកពីវិទ្យាស្ថានវិចិត្រសិល្បៈខេត្តស៊ីឈួន នៅទីក្រុងឆុងឈីង ភាគនិរតីនៃប្រទេសចិន លោក ខាន់ បាននិយាយថា សិល្បៈដើរតួនាទីយ៉ាងសំខាន់ក្នុងការយល់ដឹងគ្នាទៅវិញទៅមក និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។
លោក ខាន់ បាននិយាយថា «មិត្តភាពយូរអង្វែងរវាងប្រទេសប៉ាគីស្ថាននិងចិនត្រូវបាន កសាងឡើងមិនត្រឹមតែលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈដែលបម្រើជាស្ពានតភ្ជាប់ប្រជាជន និងអរិយធម៌របស់យើង»។
លោក ចាម៉ាល់ សាហ៍ (Jamal Shah) ប្រធានមជ្ឈមណ្ឌលវប្បធម៌Silkroad ដែលរៀបចំព្រឹត្តិការណ៍នេះ បាននិយាយថា ការតាំងពិព័រណ៍នេះនឹងបម្រើជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងវប្បធម៌ប្រវត្តិសាស្ត្ររវាងប្រទេសចិន និងប៉ាគីស្ថាន។
លោក សាហ៍ បានកត់សម្គាល់ថា «ការផ្លាស់ប្តូរសិល្បៈ និងវប្បធម៌រវាងប្រជាជាតិទាំងពីររបស់យើងមានឫសគល់ប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅលើកកម្ពស់ការយល់ដឹង និងការដឹងគុណគ្នាទៅវិញទៅមកក្នុងរយៈពេលជាច្រើនសតវត្សន៍»។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសប៉ាគីស្ថាន លោក ជាំង ហ្សៃដុង (Jiang Zaidong) ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះផងដែរ បានគូសបញ្ជាក់ពីការតាំងពិព័រណ៍នេះថាជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសន្ទនាស៊ីជម្រៅរវាងសិល្បករមកពីប្រទេសទាំងពីរ។
លោក ជាំង បាននិយាយថា «ការតាំងពិព័រណ៍នេះមិនត្រឹមតែបង្ហាញពីភាពទាក់ទាញតែមួយគត់នៃសិល្បៈចិន និងប៉ាគីស្ថានប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យមានការសហការសិល្បៈ និងការយោគយល់គ្នាឱ្យកាន់តែស៊ីជម្រៅថែមទៀត»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





