លោក លូកាសេនកូ ចូលកាន់តំណែងជាផ្លូវការជាប្រធានាធិបតីបេឡារុស្ស
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ -- លោក អាឡិចសាន់ដឺ លូកាសេនកូ (Alexander Lukashenko) បានចូលកាន់តំណែងជាផ្លូវការជាប្រធានាធិបតីបេឡារុស្សកាលពីថ្ងៃអង្គារ។
លោក លូកាសេនកូ បានចូលកាន់តំណែងសម្រាប់អាណត្តិទី៧ របស់លោកបន្ទាប់ពីទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតថ្ងៃទី២៦ ខែមករា។ ពិធីសម្ពោធធ្វើឡើងនៅវិមានឯករាជ្យក្នុងទីក្រុង Minsk ដោយមានការចូលរួមពីមន្ត្រីកំពូលៗ និងភ្ញៀវដែលបានអញ្ជើញ។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ លោក លូកាសេនកូ បានស្បថចូលកាន់តំណែងប្រធានាធិបតី។ លោកបានសន្យាថានឹងបម្រើប្រជាជនបេឡារុស្សដោយស្មោះត្រង់ រក្សា និងការពារសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងគោរព និងការពាររដ្ឋធម្មនុញ្ញរបស់ប្រទេស។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិម លោក អ៊ីហ្គ័រ ការប៉េនកូ (Igor Karpenko) បានបង្ហាញជូនប្រធានាធិបតីដែលទើបចូលកាន់តំណែងថ្មីជាមួយនឹងលិខិតបញ្ជាក់ជាប្រធានាធិបតី។
យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលនៃប្រទេសបេឡារុស្ស បានឱ្យដឹងថា លោក លូកាសេនកូ បានឈ្នះការបោះឆ្នោតប្រធានាធិបតីជាមួយនឹងសំឡេងឆ្នោត ៨៦,៨២%៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





