រដ្ឋមន្ដ្រីការបរទេសចិនរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រជាមួយសមភាគីព័រទុយហ្គាល់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី (Wang Yi) បានបើកកិច្ចសន្ទនាយុទ្ធសាស្ត្រចិន-ព័រទុយហ្គាល់ លើកទី២ ក្នុងកម្រិតរដ្ឋមន្ត្រីការបរទេសជាមួយរដ្ឋមន្ត្រីការបរទេស និងក្រសួងការបរទេសព័រទុយហ្គាល់ លោក ផាវឡូ រ៉េនជែល (Paulo Rangel) នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។
លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិន និងព័រទុយហ្គាល់មានប្រពៃណីដ៏ល្អនៃការគោរព និងគាំទ្រគ្នាទៅវិញទៅមកហើយភាគីទាំងពីរបានដោះស្រាយបញ្ហាទីក្រុងម៉ាកាវយ៉ាងត្រឹមត្រូវជាមួយនឹងប្រាជ្ញានយោបាយ ដោយធ្វើជាគំរូល្អក្នុងការដោះស្រាយបញ្ហាដែលបន្សល់ទុកពីប្រវត្តិសាស្ត្រតាមរយៈការពិគ្រោះយោបល់ជាមិត្តភាព។
លោក វ៉ាង បាននិយាយថា កាលពីឆ្នាំមុន ប្រទេសចិន និងព័រទុយហ្គាល់បានរួមគ្នាប្រារព្ធខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូត។ មេដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរសារអបអរសាទរ និងបានថ្លែងយ៉ាងច្រើនអំពីការអភិវឌ្ឍប្រកបដោយជោគជ័យនៃទំនាក់ទំនងទ្វេភាគី។
លោក រ៉េនជែល បាននិយាយថា លោកពិតជារីករាយដែលឃើញភាពជោគជ័យនៃការអនុវត្ត «ប្រទេសមួយ ប្រព័ន្ធពីរ» នៅទីក្រុងម៉ាកាវ។ប្រទេសព័រទុយហ្គាល់ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងព័រទុយហ្គាល់-ចិន ហើយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ។
រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់បាននិយាយថា ការវិនិយោគរបស់ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសព័រទុយហ្គាល់។ ប្រទេសព័រទុយហ្គាល់ស្វាគមន៍សហគ្រាសចិនកាន់តែច្រើនក្នុងការវិនិយោគ ហើយមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពលសុខាភិបាល ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរបៃតង៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





