ប្រមុខកងទ័ពជើងទឹកកូរ៉េខាងត្បូង និងហ្វីលីពីនពិភាក្សាអំពីសន្តិសុខ និងកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ -- កងទ័ពជើងទឹកកូរ៉េខាងត្បូងនិងហ្វីលីពីនបាននិយាយកាលពីថ្ងៃអង្គារថា មេបញ្ជាការកងទ័ពជើងទឹកកូរ៉េខាងត្បូង និងហ្វីលីពីនបានពិភាក្សាគ្នានៅឯបញ្ជាការដ្ឋានកងទ័ពជើងទឹកក្នុងប្រទេសកូរ៉េខាងត្បូង ដោយពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ពួកគេ។
កងកម្លាំងប្រដាប់អាវុធបាននិយាយថា លោក យ៉ាង យ៉ុងម៉ូ (Yang Yong-mo) និងសមភាគីហ្វីលីពីន លោក ចូសេ ម៉ា អាមប្រូស៊ីអូ កៀតជុន អេហ្សប៉េឡេតា (Jose Ma Ambrosio Quiatchon Ezpeleta) បានជួបពិភាក្សាគ្នានៅទីបញ្ជាការកងកម្លាំងនាវាមុជទឹកក្នុងទីក្រុងជីនហេ មានចម្ងាយប្រហែល ៣១០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។
កិច្ចប្រជុំនេះផ្តោតសំខាន់លើមធ្យោបាយជំរុញការទូតយោធា និងកិច្ចសហប្រតិបត្តិការអាវុធតាមរយៈការផ្លាស់ប្តូរ និងការអប់រំកម្រិតកំពូល។
លោក អេហ្សប៉េឡេតា ក៏បានទៅទស្សនកិច្ចនៅទីបញ្ជាការភស្តុភារកងទ័ពជើងទឹកក្នុងទីក្រុងជីនហេ ដើម្បីពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការដឹកជញ្ជូនរវាងប្រទេសទាំងពីរ និងទស្សនកិច្ចកន្លែងថែទាំសម្ភារៈរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង។
ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូងបានធ្វើឡើងក្នុងឱកាសនៃពិធីប្រគល់ និងសម្ភោធនាវាចម្បាំងជើងទឹកហ្វីលីពីនចំនួន២គ្រឿងដែលសាងសង់ដោយក្រុមហ៊ុនផលិតកប៉ាល់កូរ៉េខាងត្បូង HD Hyundai Heavy Industries ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





