រដ្ឋមន្ដ្រីការបរទេសអ៊ីរ៉ាក់ និងប្រធានសម្ព័ន្ធអារ៉ាប់ពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់តាមទូរស័ព្ទ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក ហ្វេដ ហូសសេអ៊ីន (Fuad Hussein) បានសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក អាហ៍មេដ អាប៊ូល ហ្គេត (Ahmed Aboul-Gheit) ដើម្បីពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់ និងបញ្ហាដែលប្រទេសនៅអារ៉ាប់កំពុងប្រឈមមុខ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ាក់ បានឱ្យដឹងថា ភាគីទាំងពីរបានពិនិត្យឡើងវិញនូវវិបត្តិដែលកំពុងកើតមាននៅក្នុងតំបន់ និងបានរិះរកមធ្យោបាយដើម្បីដោះស្រាយតាមរបៀបដែលរួមចំណែកដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
សេចក្តីថ្លែងការណ៍បាននិយាយថា ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការសម្របសម្រួលរួមគ្នាដើម្បីប្រឈមមុខនឹងបញ្ហានាពេលបច្ចុប្បន្ន ដោយលោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិក្នុងរបៀបមួយដែលបម្រើផលប្រយោជន៍ដល់ប្រជាជនអារ៉ាប់ និងបង្កើនកិច្ចសហប្រតិបត្តិការដល់សម្ព័ន្ធអារ៉ាប់រួម។
ចំណែកឯលោក អាប៊ូល ហ្គេត បានសម្តែងការពេញចិត្តចំពោះការគាំទ្រដែលផ្តល់ដោយរដ្ឋាភិបាលអ៊ីរ៉ាក់ដល់សម្ព័ន្ធអារ៉ាប់ក្នុងវិស័យជាច្រើនដោយលោកបានសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ីរ៉ាក់ក្នុងការពង្រឹងសកម្មភាពដល់សម្ព័ន្ធអារ៉ាប់រួម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





