គណៈកម្មាការ ICRC រាយការណ៍ពីការវាយប្រហារលើការិយាល័យរបស់ខ្លួននៅទីក្រុងរ៉ាហ្វាហ៍
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ -- គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានរាយការណ៍កាលពីថ្ងៃចន្ទថា ការិយាល័យរបស់ខ្លួននៅទីក្រុងរ៉ាហ្វាហ៍ក្នុងតំបន់ហ្គាហ្សាស្រ្ទីប ត្រូវបានវាយប្រហារដោយ «គ្រាប់ផ្លោង» បណ្តាលឱ្យខូចខាតដល់កន្លែងនេះ ទោះបីជាមិនមានអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍ក៏ដោយ។
គណៈកម្មាធិការ ICRC បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយកត់សម្គាល់ថា«ទោះបីជាត្រូវបានសម្គាល់យ៉ាងច្បាស់ និងជូនដំណឹងដល់ភាគីទាំងអស់ក៏ដោយ» កន្លែងនេះនៅតែត្រូវបានវាយប្រហារដោយធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់សមត្ថភាពប្រតិបត្តិការរបស់គណៈកម្មាធិការ ICRC ។
គណៈកម្មាធិការ ICRC ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងត្រូវបានបាត់បង់ជាមួយអ្នកបច្ចេកទេសផ្នែកវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ពីសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) ហើយទីកន្លែងលាក់ខ្លួនរបស់ពួកគេនៅមិនទាន់ដឹងនៅឡើយ។ បន្ថែមពីនេះ បុគ្គលិកមនុស្សធម៌នៅតំបន់ហ្គាហ្សាបានរងរបួសកាលពីសប្តាហ៍មុន។
គណៈកម្មាធិការបានគូសបញ្ជាក់ថា ការកើនឡើងនៃអរិភាពនៅតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុនបានធ្វើឱ្យមាន «ផលប៉ះពាល់មនុស្សធម៌យ៉ាងសំខាន់» ដោយជនស៊ីវិលរាប់រយនាក់ត្រូវបានសម្លាប់ និងជាច្រើនត្រូវបានផ្លាស់ទីលំនៅ ខណៈដែលការផ្គត់ផ្គង់ស្បៀងអាហារ និងទឹកសុវត្ថិភាពបន្តធ្លាក់ចុះ។ សម្ភារៈបរិក្ខារពេទ្យ រួមទាំងមន្ទីរពេទ្យកាកបាទក្រហមក្នុងទីក្រុងរ៉ាហ្វាហ៍ «ឥឡូវនេះក៏កំពុងឆ្លើយតបទៅនឹងឧប្បត្តិហេតុគ្រោះថ្នាក់ដ៏ច្រើនផងដែរ»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





