សេដ្ឋកិច្ចថៃបង្ហាញសញ្ញានៃការងើបឡើងវិញខ្លាំង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ -- បើទោះបីជាមានបញ្ហាជាប់រហូតជាមួយនឹងបំណុលគ្រួសារ និងបំណុលក្រៅផ្លូវការក៏ដោយ ក៏សេដ្ឋកិច្ចរបស់ប្រទេសថៃបានបង្ហាញពីសញ្ញានៃការងើបឡើងវិញដ៏រឹងមាំចាប់តាំងពីឆ្នាំ២០២៤ មក ដែលត្រូវបានជំរុញជាចម្បងដោយកំណើននៃការនាំចេញទេសចរណ៍ និងគម្រោងវិនិយោគ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភីឆៃ ណារីបថាផាន (Pichai Naripthaphan) បានកត់សម្គាល់ថា ការនាំចេញរបស់ថៃបានកើនឡើង៥,៤% ពីមួយឆ្នាំទៅមួយឆ្នាំកាលពីក្នុងឆ្នាំ២០២៤ និងកើនឡើងបន្ថែមទៀតដល់ ១៣,៦% ក្នុងខែមករា ឆ្នាំ២០២៥ ខណៈដែលការទៅដល់របស់ភ្ញៀវទេសចរអន្តរជាតិបានកើនឡើងដល់ប្រមាណ ៣៦លាននាក់កាលពីក្នុងឆ្នាំ២០២៤ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣៩លាននាក់នៅក្នុងឆ្នាំ២០២៥។
លោកបាននិយាយថា គម្រោងវិនិយោគក្នុងស្រុកបានពង្រីក ១,១៤% នៅក្នុងឆ្នាំ២០២៤ ជាមួយនឹងនិន្នាការកើនឡើងជាលំដាប់នៅក្នុងឆ្នាំ២០២៥។លោកក៏បានលើកឡើងផងដែរអំពីកំណើននៃពាណិជ្ជកម្មទ្វេភាគីជាមួយដៃគូក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាច្រើនដែលរំពឹងថានឹងជំរុញការនាំចេញរបស់ថៃបន្ថែមទៀត។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានសមាហរណកម្មនិងចាត់វិធានការជាបន្ទាន់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាកម្ចីមិនដំណើរការ (NPLs) ដែលបណ្តាលមកពីបំណុលគ្រួសារ និងបំណុលក្រៅផ្លូវការ ក្នុងគោលបំណងជំរុញការចំណាយរបស់អ្នកប្រើប្រាស់ការវិនិយោគក្នុងស្រុក ការនាំចេញ និងកំណើនសេដ្ឋកិច្ចទាំងមូល។
របាយការណ៍ថ្មីៗបានបង្ហាញថា បំណុលមិនល្អក្នុងគ្រួសាររបស់ប្រទេសថៃបានកើនឡើង ២៥% ចាប់តាំងពីចុងឆ្នាំ២០២២ ដែលឈានដល់កម្រិតខ្ពស់បំផុតចំនួន ១,២៣ពាន់ពាន់លានបាត (ប្រហែល ៣៦,២៦ពាន់លានដុល្លារអាម៉េរិក) គិតត្រឹមខែមករា ឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





