ម៉ាឡេស៊ីរំពឹងថានឹងសម្រេចបានកំណើនសេដ្ឋកិច្ចពី ៤,៥% ទៅ ៥,៥% នៅក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ -- សេដ្ឋកិច្ចម៉ាឡេស៊ីត្រូវបានព្យាករណ៍ថានឹងត្រូវបានពង្រីកចន្លោះពី ៤,៥% ទៅ ៥,៥% នៅក្នុងឆ្នាំ២០២៥ដែលត្រូវបានគាំទ្រដោយតម្រូវការក្នុងស្រុកដែលមានភាពធន់ និងសកម្មភាពវិនិយោគដែលកំពុងបន្ត បើទោះបីជាមានភាពមិនច្បាស់លាស់ពីខាងក្រៅក៏ដោយ។ នេះបើយោងតាមធនាគារកណ្តាល Negara Malaysia (BNM) ។
នៅក្នុងការវាយតម្លៃសេដ្ឋកិច្ច និងរូបិយវត្ថុឆ្នាំ២០២៤ របស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ធនាគារ BNM បាននិយាយថាអតិផរណាត្រូវបានព្យាករណ៍ថានឹងមាននិន្នាការខ្ពស់ជាងមុន ប៉ុន្តែនឹងនៅតែអាចគ្រប់គ្រងបាន ចំពេលដែលមានការបន្ធូរបន្ថយការចំណាយលើសកលលោក និងអវត្តមាននៃសម្ពាធតម្រូវការ។ ធនាគារ BNM បាននិយាយថាតម្លៃទំនិញសកលលោកត្រូវបានគេរំពឹងថានឹងបន្តធ្លាក់ចុះ ដែលនាំឱ្យតម្លៃផលិតកម្មធ្លាក់ចុះសម្រាប់បណ្តាក្រុមហ៊ុននានា។
យោងតាមធនាគារនោះបានឱ្យដឹងថា ស្ថានភាពរូបិយវត្ថុ និងហិរញ្ញវត្ថុក្នុងស្រុកនឹងនៅតែគាំទ្រតម្រូវការហិរញ្ញប្បទាន ចំពេលដែលមានការពង្រីកសេដ្ឋកិច្ចប្រកបដោយចីរភាព។ តម្រូវការឥណទាននឹងត្រូវបានជំរុញដោយទស្សនវិស័យវិជ្ជមាននៃកំណើន និងប្រាក់ចំណូលក្នុងស្រុក។
ទោះបីជាមានហានិភ័យដែលអាចកើតមានពីការអភិវឌ្ឍខាងក្រៅក៏ដោយ ក៏ទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងនៅតែរក្សាបាននូវភាពធន់ ដើម្បីរក្សាលក្ខខណ្ឌទីផ្សារប្រកបដោយសណ្តាប់ធ្នាប់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





