ការលក់រថយន្តអគ្គិសនីរបស់ម៉ាឡេស៊ីមានការកើនឡើង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ -- ឧស្សាហកម្មយានយន្តរបស់ប្រទេសម៉ាឡេស៊ីកំពុងទទួលបានសន្ទុះជាមួយនឹងការលក់រថយន្តអគ្គិសនី(EV) មានការកើនឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយ និងបន្តកើនឡើងទៀតនៅក្នុងឆ្នាំ២០២៥ នេះ ដែលជំរុញដោយក្រុមហ៊ុនផលិតក្នុងស្រុក និងអន្តរជាតិ។
យោងតាមកាសែត The Star ឱ្យបានដឹងថា កាលពីថ្ងៃទី២៣ ខែមីនាប្រទេសម៉ាឡេស៊ីបានកត់ត្រានូវរថយន្តអគ្គីសនីចំនួន ៨៥០គ្រឿងដែលត្រូវបានលក់ក្នុងឆ្នាំ២០២១។ តួលេខនេះបានកើនឡើងដល់ ២.៦៣១គ្រឿងក្នុងឆ្នាំ២០២២, ១០.១៥៩គ្រឿងនៅក្នុងឆ្នាំ២០២៣ និង ១៤.៨០០គ្រឿងនៅក្នុងឆ្នាំ២០២៤។ ទីផ្សាររថយន្តអគ្គីសនីនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២៤ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនផលិតរថយន្តធំៗពីររបស់ប្រទេសចិនដោយមានប្រមាណជិត ៤០% នៃចំណែកទីផ្សារ ហើយក្រុមហ៊ុន Tesla មកពីសហរដ្ឋអាមេរិកមាន ២៤%។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២៥ ទិដ្ឋភាពនេះកំពុងមានការផ្លាស់ប្តូរ ដោយក្រុមហ៊ុនរថយន្ត Proton របស់ម៉ាឡេស៊ីបានក្លាយជាអ្នកនាំមុខទីផ្សារក្នុងការលក់រថយន្តអគ្គីសនី។ ម៉ូដែលរថយន្តអគ្គិសនីចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ គឺរថយន្តម៉ូដែល e.Mas 7 ដែលលក់បានចំនួន៤២១គ្រឿងកាលពីក្នុងខែមករា និង ៥៨០គ្រឿងក្នុងខែកុម្ភៈ ដោយសារតែវាមានតម្លៃសមរម្យ។
គោលនយោបាយរបស់រដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអនុម័តរថយន្តអគ្គីសនី។ ប្រទេសម៉ាឡេស៊ីបានបន្តការលើកលែងពន្ធទៅលើរថយន្តអគ្គីសនីរហូតដល់ដំណាច់ឆ្នាំ២០២៥ ហើយប្តេជ្ញាដាក់ពង្រាយស្ថានីយ៍សាកអាគុយឱ្យបានចំនួន ១០.០០០កន្លែងនៅទូទាំងប្រទេសនៅត្រឹមចុងឆ្នាំនេះ ដោយមានការចូលរួមចំណែកពីក្រុមហ៊ុនអគ្គិសនីជាតិ (TNB) និងបណ្តាក្រុមហ៊ុនឯកជន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





