ឥណ្ឌូណេស៊ីរក្សាការប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរថាមពល
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្គា ហាតាតូ (Airlangga Hartarto) បានបញ្ជាក់កាលពីពេលថ្មីៗនេះថា សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP) នឹងមិនប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់ដៃគូផ្សេងទៀតចំពោះកិច្ចការនេះទេ។
កិច្ចព្រមព្រៀង JETP ដែលជាការប្តេជ្ញាផ្តល់ហិរញ្ញប្បទានពីបណ្តាប្រទេសអភិវឌ្ឍន៍ និងអ្នកផ្តល់ប្រាក់កម្ចីជាសកលដើម្បីជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទទួលយកថាមពលស្អាតជាងមុននោះ បានផ្តល់ថវិកាចំនួន ២០ពាន់លានដុល្លារអាម៉េរិកដើម្បីជួយប្រទេសឥណ្ឌូណេស៊ីដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។
កាលពីដើមខែនេះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានដកខ្លួនចេញពីកិច្ចព្រមព្រៀង JETP ហើយ ដែលនៅក្នុងកិច្ចព្រមព្រៀងនោះរួមមានទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។ កាលពីមុន ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកសម្រាប់ឥណ្ឌូណេស៊ីមានចំនួនជាង ២ពាន់លានដុល្លារអាម៉េរិក ដែលបង្កើតឡើងដោយប្រាក់កម្ចីមិនសម្បទាន ការធានាពីធនាគារអភិវឌ្ឍន៍ពហុភាគី (MDB) និងជំនួយឥតសំណង។
លោក អ៊ែរឡាងហ្គា បាននិយាយថា ការចាកចេញរបស់សហរដ្ឋអាមេរិកនេះនឹងមិនកាត់បន្ថយការប្តេជ្ញាចិត្តរបស់ប្រទេសចំនួនប្រាំបួនផ្សេងទៀតក្នុងការគាំទ្រប្រទេសឥណ្ឌូណេស៊ីក្នុងការសម្រេចបាននូវកាលបរិច្ឆេទគោលដៅការបំភាយឧស្ម័នសូន្យសុទ្ធនៅក្នុងឆ្នាំ២០៦០ ឬមុននេះទេ។
លោកបាននិយាយថា ការប្តេជ្ញាចិត្តផ្តល់ហិរញ្ញប្បទានរបស់កិច្ចព្រមព្រៀង JETP ឥឡូវនេះ ត្រូវបានដឹកនាំដោយប្រទេសជប៉ុន និងអាល្លឺម៉ង់។
ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀង JETP ប្រទេសឥណ្ឌូណេស៊ីមានបំណងកាត់បន្ថយការបញ្ចេញកាបូនប្រចាំឆ្នាំជាង ៥០លានតោនទៅដល់២៥០លានតោននៃកាបូនឌីអុកស៊ីតនៅត្រឹមឆ្នាំ២០៣០។ វាក៏គ្រោងនឹងបង្កើនចំណែកនៃថាមពលកកើតឡើងវិញនៅក្នុងល្បាយថាមពលរបស់ខ្លួនឱ្យបានដល់ ៤៤% នៅត្រឹមឆ្នាំ២០៣០ ពីចំនួនប្រមាណ ១២% នៅក្នុងឆ្នាំ២០២២ ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





