លោកជំទាវ ម៉ែន នារីសោភ័គ ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥--
ដើម្បីឈានឆ្ពោះទៅកាន់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលមានអ្នកចូលរួមសរុបប្រមាណ ៤០នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

លោកជំទាវអគ្គលេខាធិការរងទី១ បានលើកឡើងពីគោលបំណង និងអត្ថន័យនៃមូលបទ ក្នុងការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ចំនួន៤ចំណុចរួមមាន៖ ១- អំពាវនាវ និងបំផុសបងប្អូនរួមជាតិឱ្យចូលរួមដោយស្ម័គ្រចិត្តជាកម្លាំងអនុវត្តប្រកបដោយឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្រឡាញ់ខ្លួនដោយស្ងួនចំណី ការរក្សាអាហារូបត្ថម្ភប្រចាំថ្ងៃ ការថែទាំសុខភាពផ្លូវកាយ/ចិត្ត និងការរៀបចំឥរិយាបថរស់នៅដោយការធ្វើកីឡាទៀងទាត់ ដើម្បីសុខភាពល្អរបស់ពលរដ្ឋម្នាក់ៗរបស់គ្រួសារមួយ និងរបស់សង្គមជាតិទាំងមូល ដែលត្រូវការចាំបាច់ណាស់នូវធនធានមនុស្សមានសមត្ថភាព និងមានសុខភាពល្អ ក្នុងការជួយជំរុញវឌ្ឍនភាពកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ២- រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែង បង្កើនការយល់ដឹងរបស់ប្រជាជនគ្រប់វ័យ ជាពិសេស យុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាពរបស់ប្រជាជនកម្ពុជា តាមរយៈការអប់រំសុខភាពតាមសហគមន៍ តាមគ្រឹះស្ថាន សិក្សា និងតាមយន្តការផ្សព្វផ្សាយដើម្បីបញ្ជូនសារអប់រំសុខភាពដល់ប្រជាជននិងសាធារណៈជន។ ៣- ទាញស្មារតីប្រុងប្រយ័ត្នរបស់បង-ប្អូនរួមជាតិ ជាពិសេសស្ត្រី ក្មេងស្រី កុមារ យុវវ័យ មនុស្សវ័យចាស់ ចំពោះផលវិបាកនានាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងត្រូវនាំគ្នាប្រុងប្រយ័ត្នគ្រប់ ពេលវេលាចំពោះហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិត ដល់សុខភាព ដោយសារតែអាកាសធាតុ ប្រែប្រួល ដូចជាអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ខុសពីធម្មតា ជាដើម។ ៤- អំពាវនាវចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមឧបត្ថម្ភ និងគាំទ្រដោយការស្ម័គ្រចិត្ត និងតាម សទ្ធាជ្រះថ្លា ដល់យុទ្ធនាការរកមូលនិធិរបស់កាកបាទក្រហមកម្ពុជាទាំងនៅថ្នាក់កណ្តាល ទាំងនៅ តាមសាខារាជធានី ខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ឧសភា។

ក្នុងន័យនេះ គឺមានតែការចូលរួមជួយឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ទើបកាកបាទក្រហមកម្ពុជាមានធនធានហិរញ្ញវត្ថុអាចធ្វើប្រតិបត្តិការមនុស្សធម៌ ឆ្លើយតបតម្រូវការនៃភាពងាយរងគ្រោះបំផុត ដែលកើតមានឡើងកាន់តែញឹកញាប់ជាងមុន និងក្នុងវិសាលភាព កាន់តែធំជាងមុន បានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកនរណាម្នាក់ចោល»៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





