ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលត្រូវបានបើកជូនយោធិនសោធននិវត្តន៍នៅយោធភូមិភាគទី១
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥-- ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីសំណេះសំណាលបើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាលមួយលើកដំបូង តាមរយៈក្រសួងការពារជាតិ ជូនយោធិនសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ ចំនួន៨២នាក់ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការគោលនយោបាយយោធិនពលីមរណៈបង្កស្លាប់បាត់ខ្លួន និងសោធននិវត្តន៍នៃក្រសួងការពារជាតិ ។

នាឱកាសនោះ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន ក៏បានអំពាវនាវដល់យោធិនសោធននិវត្តន៍ទាំងអស់ ត្រូវទៅដាក់ពាក្យចុះឈ្មោះសុំចូលរួមជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀតពីសមាគម។ ការដោះស្រាយប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ សម្រាប់ឧបត្ថម្ភជូនដល់យោធិនសោធននិវត្តន៍ គឺជាការយកចិត្តទុកដាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បន្តថាក្នុងឱកាសទទួលបានប្រាក់គោលនយោបាយនេះ សូមបងប្អូនចាត់ចែងយកថវិកានេះ ដើម្បីប្រកបមុខរបររកទទួលទាន ដោយសុចរិតទៀងត្រង់ និងចូលរួមអនុវត្តឱ្យបានល្អតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព នៅតាមមូលដ្ឋាននីមួយៗ រួមចំណែកថែរក្សាឱ្យបាននូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត៕


ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





