ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចែកអំណោយរបស់រាជរដ្ឋាភិបាលជូនដល់គ្រួសារមានជីវភាពខ្វះខាតនៅស្រុកប្រាសាទបល្ល័ង្គ
AKP កំពង់ធំ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចែកអំណោយគ្រឿងឧបភោគបរិភោគរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ជូនដល់គ្រួសារមានជីវភាពខ្វះខាតតាមសហគមន៍ និងងាយរងគ្រោះដោយធម្មជាតិចំនួន២០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។


ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកតា លោកយាយ ពុកម៉ែបងប្អូននៅទីនេះ ព្រមទាំងចាត់តំណាងនាំយកអំណោយមកចែកជូនពុកម៉ែបងប្អូនជួយសម្រួលការលំបាកបានមួយកម្រិតដោយក្នុង០១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងភួយ១។


ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់ពុកម៉ែបងប្អូន សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ មានអាយុវែង សម្រាកឱ្យបានគ្រប់គ្រាន់ ជាពិសេសធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ព្រមទាំងមានអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែលមានជីវជាតិ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ខិតខំបង្កបង្កើនផលចិញ្ចឹមសត្វនិងដាំដំណាំងរួមផ្សំ បន្លែបង្ការជុំវិញផ្ទះដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ជាងនេះទៅទៀតសូមចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនិងអប់រំកូនចៅត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន៕

ដោយ ស៊ុម វណ្ណា





