ខេត្តកណ្ដាលត្រូវបានទទួលស្គាល់ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- នៅបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់ខេត្តកណ្ដាល ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, អគ្គនាយក ប្រធាននាយកដ្ឋាន, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ ក្រុមការងារ PWG ទាំង២៥ រាជធានី ខេត្ត, តំណាងអង្គការ និងដៃគូអភិវឌ្ឍន៍, ក្រុមប្រឹក្សាក្រុង ស្រុក, អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក, កងកម្លាំងទាំងបីប្រភេទ, ប្រធាន អនុប្រធានមន្ទីរ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, យុវជន, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋសរុបប្រមាណ ១ ៦០០នាក់។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើរបាយការណ៍អំពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលមានការរីកចម្រើន ក៏ដូចជាវិស័យផ្សេងៗទៀតក្នុងខេត្តផងដែរ ពោលគឺ សេវាផ្គត់ផ្គង់ទឹកស្អាតសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ ខេត្តកណ្តាលមានខ្នងផ្ទះសរុបចំនួន ២៧០ ៣០០ខ្នងផ្ទះ ដែលមានអ្នកស្នាក់នៅជាក់ស្ដែងសរុបចំនួន ២៦៨ ០៩២ខ្នងផ្ទះ ក្នុងនោះ ខ្នងផ្ទះដែលបានប្រើប្រាស់បង្គន់ដែលមានការកែលម្អ ១០០% រួមមាន ខ្នងផ្ទះប្រើប្រាស់បង្គន់កែលម្អផ្ទាល់ខ្លួនមាន ២៦៤ ៥៥៨ ខ្នងផ្ទះ ស្មើនឹង ៩៨,៧% ខ្នងផ្ទះប្រើបង្គន់រួម មានចំនួន ៣ ៥៣៤ ខ្នងផ្ទះ ស្មើនឹង ១,៣% ដោយឡែក ចំនួនក្រុង-ស្រុក ODF+ មានចំនួន ១៣ ក្រុង-ស្រុក ស្មើនឹង ១០០%, ចំនួន ឃុំ-សង្កាត់ ODF+ មានចំនួន ១២៧ ឃុំ-សង្កាត់ ស្មើនឹង ១០០%, និងចំនួន ភូមិ ODF+ មានចំនួន ១ ០១០ ភូមិ ស្មើនឹង ១០០%។

ជាមួយគ្នានោះដែរ លោក ឆាត់ សុភាព នាយកអង្គការវ័តធឺអេត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការវ័តធឺអេត និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីគាំទ្រខេត្តកណ្ដាលជាខេត្តគោលដៅអភិវឌ្ឍន៍លើការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាផ្នែកដ៏សំខាន់ធ្វើឱ្យខេត្តនេះ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់នៅថ្ងៃនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកណ្ដាលសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ពេលនេះ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅតែបន្តការចូលរួមយ៉ាងសកម្ម និងជំរុញការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សាឱ្យបាននូវនិរន្តរភាព ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF+។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ“សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានជម្រាបជូនអង្គពិធីនូវយុទ្ធសាស្ដ្រទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទរួមមាន៖ ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់ ទី២. ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព ទី៣. ការអភិវឌ្ឍសហគមន៍ឌីជីថល និងចលនាភូមិគំរូ ទី៤. ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង ទី៥. ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ ដោយមានចក្ខុវិស័យច្បាស់លាស់គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។
ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ជូនថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ហើយគិតមកដល់ពេលនេះ អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសសម្រេចបាន ៨៩.៩០% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៧.៤០% ខណៈការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩២.៤០% ហើយនៅត្រឹមឆ្នាំ២០៣០ ក្រសួងបានដាក់ផែនការសម្រេចអាត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេសឱ្យបាន ១០០%។
សូមជម្រាបជូនថា ខេត្តកណ្ដាលត្រូវបានប្រកាសជាខេត្តសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ហើយជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS)នេះ គឺជាខេត្តទី២ហើយ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានធ្វើពិធីប្រកាសកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





