សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ វិទ្យាសាស្រ្ដ ជាកត្តាគន្លឹះមួយនៅក្នុងការសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០និងឆ្នាំ២០៥០
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ -- សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាឈ្នះ-ចាញ់ ដែលកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា និងការសម្រេចបាន នូវចក្ខុវិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រ ទេស មានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងពិធី បើកវេទិកាផ្សព្វផ្សាយ ស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសា ស្ត្របញ្ចកោណដំណាក់កាលទី១» នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្តេចបានគូសបញ្ជាក់ថា វេទិកាដ៏មានសារៈសំខាន់នេះ នឹងផ្ដល់នូវឱកាសដ៏មានតម្លៃជូនដល់ លោកជំទាវ ឯកឧត្តម លោក លោកស្រី ទាំងអស់ ដែលសុទ្ធសឹងជា អ្នកតាក់តែងច្បាប់ អ្នកអនុម័តច្បាប់ អ្នកបង្កើតគោលនយោបាយ អ្នកអនុវត្តផ្ទាល់ និងអ្នកជំនាញ លើវិស័យ វិទ្យា សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការចែករំលែកពីវឌ្ឍនភាពការងារ ពិភាក្សា និងផ្លាស់ ប្តូរចំណេះដឹង និងបទពិសោធន៍ជំនាញ លើប្រធានបទនេះ ដែលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រង វិស័យនេះឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី បានកំណត់ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដែលនឹងត្រូវតែជំរុញ និងសម្រេចឱ្យបាន ដើម្បីកសាងសង្គមជាតិមួយមាន កំណើន សមធម៌ ចីរភាព និងសុខដុមនីយកម្ម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ច្រើនអនេក ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហែម វណ្ណឌី សម្រេចបាន ក្នុងរយៈពេល ១៧ ខែ កន្លងមកនេះ ទាំងលើគោលនយោបាយ ការពង្រឹងលើកកម្ពស់សមត្ថភាព និងកែលម្អស្ថាប័ន វិស័យឧស្សា ហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្ម ការផ្គត់ផ្គង់ទឹកស្អាត ស្តង់ដារូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។ ទោះយ៉ាងណាសម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅលើវិស័យបច្ចេកវិទ្យានេះ ទោះបីជាមានសមិទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ ក៏ទទួលស្គាល់ថានៅមានបញ្ហា ប្រឈម និងរបាំងផ្សេងៗ ដែលចាំបាច់ត្រូវទទួលស្គាល់ បន្តសិក្សាស្វែងយល់ និងដោះស្រា យឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព សំដៅពង្រីកសក្ដានុពលរបស់វិស័យវិទ្យា សាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីការអភិវឌ្ឍជាតិ ដូចជាកង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធ ធនធាននៅមានកម្រិត និងគម្លាតក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ហាប្រឈម ដែលយើង ត្រូវធ្វើការប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមនេះ។ចំណែកឯឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្រសួងរបស់ខ្លួនបន្តពង្រឹង និងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សហគ្រាសធុន តូច និងមធ្យម និងសិប្បកម្ម តាមរយៈការធ្វើពិពិធកម្ម ឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ធ្វើសមាហរណកម្មទៅក្នុងបណ្តាញ ផលិតកម្មតំបន់ និងអភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា តាមរយៈការលើកកម្ពស់ផលិតភាព ឧស្សាហកម្ម, ការពង្រឹងសុវត្ថិភាពឧស្សាហកម្ម និងបរិស្ថាន ដើម្បីធានាបាននូវស មត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងតំបន់ និងសកលលោក។

ឯកឧត្តមបន្តថាជាមួយគ្នានេះ ក៏ជំរុញចលនាការបង្កើនផលិតកម្ម និងផលិតភាពនៃ ឧស្សាហកម្មក្នុងស្រុក ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់មួយដែលជួយកាត់បន្ថយការពឹងផ្អែក លើការនាំចូលធាតុចូលទាំងស្រុងពីក្រៅប្រទេស, បង្កើតតម្លៃបន្ថែមខ្ពស់លើធនធានក្នុងស្រុក និងបង្កើនការងារជូនផលិតករ និងអ្នកកែច្នៃ ក្នុងស្រុកផ្សេងទៀត។ ក្នុងនោះបន្តជំរុញ ការបង្កើតសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម ដើម្បីដោះស្រាយបញ្ហានគរូបនីយកម្ម និងទាក់ទាញវិនិយោគិនថ្មីៗ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ដែលនឹង បង្កើតបានជាប្រព័ន្ធ ប្រទាក់ក្រឡាគ្នា និងទ្រទ្រង់គ្នាទៅវិញទៅមក រវាងសហគ្រាសធុនតូច និង មធ្យម និងក្រុមហ៊ុនមានមូលដ្ឋានវិនិយោគផ្ទាល់ពីបរទេស ដែលមានទីផ្សារអន្តរជាតិរួច ហើយ ដើម្បីបង្កើនខ្សែច្រវាក់តម្លៃសកល។ ពង្រឹង និងលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកទេស សុវត្ថិភាព និងកាត់បន្ថយការបំពុលពី ឧស្សាហកម្ម ដើម្បីអភិវឌ្ឍឧស្សាហកម្មបៃតង ព្រមទាំងការបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សដីស្រែអំបិល (ខេត្តកំពត-កែប) ដែលជាកេរ្តិ៍ដំណែលពី ដូនតា និងជំរុញការផលិតអំបិលដែលរាជរដ្ឋាភិបាលចាត់ ទុកជាទំនិញយុទ្ធសាស្ត្រ ឱ្យដើរព្រមគ្នានឹងវិធានការដោះស្រាយបញ្ហាដីស្រែ អំបិលដែលមិនមានសក្តានុពល៕

ដោយ៖ប៊ុនរិទ្ធ





